ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ៨ រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី រហូតដល់ម៉ោង ២៣និង០០នាទី បានដឹកនាំកម្លាំង គណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះអនុវត្តសេចក្តីសម្រេចលេខ១២១/២១ស.ស.រ របស់សាលារាជធានីភ្នំពេញដល់ម្ចាស់អាជីវកម្មក្នុងមូលដ្ឋានក្នុងសង្កាត់ទាំង១១ ស្តីពីការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ និងការជួបជុំមនុស្សមិនឱ្យលើស១៥នាក់ចាប់ពីម៉ោងសូន្យថ្ងៃទី០៣ ខែមិថុនារហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។
បេីតាមការបញ្ជាក់ពីលោកអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះអនុវត្តហាមឃាត់រួមមាន៖ ក្លឹបកម្សាន្ត បារបារាំង និងអាជីវកម្មផ្សេងៗទៀតដែលល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីចូលរួមការងារប្រយុទ្ធប្រឆាំងការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ក៏ដូចជារក្សារបាននូវសណ្តាប់ធ្នាប់ អនាម័យ និងសោភណ្ឌភាពក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោក សុខ ពេញវុធ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ ការពារ និង ៣កុំ” របស់សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នព្រះរាជាណាចម្ពុជា៕
ដោយ៖ស តារា