ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងចុះជួយសង្កាត់ព្រៃឆ្លាក់និងលោកណាន ចាន់មករាព្រមទាំងលោកស្រីជាភរិយាបាននាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ១០គ្រួសារនិងអ្នកធ្វើចត្តាឡីស័ក២គ្រួសារ

ចែករំលែក៖

       ខេត្តស្វាយរៀង៖ លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តចុះជួយសង្កាតព្រៃឆ្លាក់និងលោកណាន ចាន់មករា មន្ត្រីមន្ទីរសុខាភិបាលខេត្តនិងលោកស្រីជាភរិយាបាននាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនគ្រួសារប្រជាពលរដ្ឋដែលមានការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ១០គ្រួសារនិងអ្នកដែលកំពុងធ្វើចត្តាឡីស័ក២គ្រួសារសរុប១២គ្រួសារក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍។

   ពិធីប្រគល់គ្រឿងឧបភោគបរិភោគនេះធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់លោកហ៊ុន សាវ៉ាន់ ចៅសង្កាត់ព្រៃឆ្លាក់និងលោកលោកស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់ជាច្រើនរូបផងដែរ។

  លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តចុះជួយសង្កាតព្រៃឆ្លាក់ ក្រុងស្វាយរៀង បាននាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខនឹករលឹកពីសំណាក់លោក ហង្ស ចាន់ព្រីដា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រៃឆ្លាក់ដល់បងប្អូនប្រជាពលរដ្ឋទាំង១២គ្រួសារ។  លោកក៏បានស្នើ​ដល់​អាជ្ញាធរសង្កាត់ និងមន្ដ្រីពាក់ព័ន្ធទាំងអស់ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំចំពោះ​បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ខណ:ក្នុងសង្កាត់ព្រៃឆ្លាក់មានអ្នកវិជ្ជមានកូវីដ-១៩ចំនួន១១ករណីនិងអ្នកដែលកំពុងធ្វើចត្តាឡីស័កមានចំនួន១១គ្រួសារក្នុងសហគមន៍របស់យើងផងដែរ។

លោកបានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រខ្វះខាតនិងអ្នកដែលកំពុងធ្វើចត្តាឡីស័កក្នុងសង្កាត់ព្រៃឆ្លាក់នាពេលនេះ ចូលរួម​ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ ឱ្យជាប់ជានិច្ចតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងតាមវិធានការរបស់ក្រសួងសុខាភិបាលនិងបើមិនមានការចាំបាច់ទេសូមកុំចេញពីផ្ទះឱ្យសោះ។

  សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគដែលប្រគល់ជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត១២គ្រួសារក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍នេះក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី ទឹកស៊ីអីវអំបិល ប៊ីចេង ម៉ាស់ និងសាប៊ូផងដែរ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖