ព័ត៌មានទាន់ហេតុការណ៍៖

បច្ចេកវិទ្យា MagSafe របស់ក្រុមហ៊ុន Apple អាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ឧបករណ៍ជំនួយបេះដូង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះ សមាគមផ្នែកបេះដូងរបស់សហរដ្ឋអាមេរិក (American Heart Association) បានផ្សព្វផ្សាយ ពីហានិភ័យដែលអាចធ្វើឱ្យឧបករណ៍រំញោច ឬជំនួយបេះដូងមានដូចជា Pacemaker និង Defibrillator ឈប់ដំណើរការនៅពេលដែលពួកគេបានដាក់ទូរសព្ទ iPhone 12 នៅជិតឧបករណ៍ទាំងនេះ។ទាក់ទងនឹងការស្រាវជ្រាវនេះពួកគេបានសាកល្បងដាក់ទូរសព្ទ iPhone 12 Pro Max នៅជិតឧបករណ៍ជំនួយបេះដូងចំនួន៨ និងនៅលើស្បែករបស់អ្នកប្រើប្រាស់ដែលមានប្រើឧបករណ៍ជំនួយបេះដូងចំនួន៣នាក់ ដែលឧបករណ៍ទាំងនេះមកពីក្រុមហ៊ុនធំៗមានដូចជា Medtronic, Abbott និង Boston Scientific ហើយជាលទ្ធផលបង្ហាញថាឧបករណ៍ទាំងនេះត្រូវបានផ្អាកដំណើរការ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Apple ក៏បានណែនាំឱ្យអ្នកប្រើប្រាស់ដាក់ទូរសព្ទ ឬឧបករណ៍ MagSafe ឱ្យបានចម្ងាយយ៉ាងតិច ១៥សង់ទីម៉ែត្រនៅពេលប្រើប្រាស់ ឬ ៣០សង់ទីម៉ែត្រនៅពេលដែលលោកអ្នកកំពុងតែបញ្ចូលថ្ម ពីឧបករណ៍រំញោចបេះដូង។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់របស់លោកអ្នក ក្រុមអ្នកស្រាវជ្រាវមួយចំនួនទៀតក៏ធ្លាប់បានសំណូមពរឱ្យអ្នកប្រើប្រាស់ដែលមានដាក់ឧបករណ៍រំញោចបេះដូង Pacemaker ឬ Defibrillator នៅក្នុងខ្លួន ចៀសវាងដាក់ទូរសព្ទនៅក្នុងហោប៉ៅអាវខាងលើ ឬនៅលើទ្រូងរបស់ពួកគេ៕

ដោយ ៖ សិលា


ចែករំលែក៖