ខេត្តស្វាយរៀង៖ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយក្រុងស្វាយរៀង បាននាំយកសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួន ជូនរដ្ឋបាលសង្កាត់ចេកសម្រាប់ចាត់ចែងចែកជូនដល់គ្រួសារដែលមានវិជ្ជមានជំងឺកូវីដ-១៩ហើយកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះជួបការលំបាកខ្វះខាត។
ពិធីប្រគល់គ្រឿងឧបភោគបរិភោគនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០២១ក្រោមការអញ្ជើញចូលរួមពីលោកអភិបាលក្រុង លោក ស សុដានី អភិបាលរងក្រុងស្វាយរៀង លោក រៀម ស៊ីណា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយសង្កាត់ចេកនិងសមាជិកក្រុមការងារព្រមទាំងលោកលោកស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់មួយចំនួនទៀត។
លោកជុក មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយក្រុងស្វាយរៀងបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយខេត្តស្វាយរៀងជូនដល់លោកលោកស្រីប្រធានក្រុមការងារក៏ដូចជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ក៏ដូចជាលោកចៅសង្កាត់ លោកលោកស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់ផងដែរ។
លោកប្រធានក៏បានណែនាំឱ្យក្រុមប្រឹក្សាសង្កាត់ ពេលទទួលបានសម្ភារនេះហើយត្រូវយកទៅចែកជូនគ្រូសារដែលមានវិជ្ជមានកូវីដ-១៩កំពុងធ្វើចត្តាឡីស័ក និងណែនាំឱ្យគាត់អនុវត្តតាមការណែនាំ និងថែទាំសុខភាពឱ្យបានល្អពិសេសត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ៣កុំ ៣ការពារឱ្យបានជាប់ជានិច្ច ហើយបើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ។
សូមបញ្ជាក់ថា សម្ភារគ្រឿងឧបភោគបរិភោគដែលប្រគល់ជូនដល់រដ្ឋបាលសង្កាត់ចេកមាន៖ អង្ករ ១៧៥គីឡូក្រាម មីម៉ាម៉ា៧កេស ត្រីខកំប៉ុង១៤ឡូ ទឹកស៊ីអុីវ៧យួរ ទឹកត្រី៧យួរ ទឹកបរិសុទ្ធ៣៥យួរ ទឹកវីតាល់៥កេសនិងថវិកាចំនួន១លាន៨០ម៉ឺនរៀល៕
ដោយ៖ យឹម សុថាន