ព័ត៌មានទាន់ហេតុការណ៍៖

Google នឹងបន្ថែមមុខងារដែលអាចឱ្យអ្នកប្រើប្រាស់បិទការប្រើ Advertising ID ដើម្បីតាមដាននៅចុងឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ បើយោងទៅតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Google កាលពីពេលថ្មីៗនេះបានឱ្យដឹងថា នៅចុងឆ្នាំនេះក្រុមហ៊ុននឹងបន្ថែមនូវមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android បិទកុំឱ្យក្រុមហ៊ុនអាចប្រើលេខសំគាល់ (advertising ID) សម្រាប់តាមដានពួកគេក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។ មុខងារនេះគឺវាដូចគ្នាទៅនឹងមុខងារ App Tracking Transparency ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 ហើយនោះ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិនៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ បានបន្តថា, ក្រុមអ្នកស្រាវជ្រាវធ្លាប់បានបង្ហាញ ពីការព្រួយបារម្ភរបស់ក្រុមហ៊ុន Google ជាមួយនឹងមុខងារថ្មីនេះ ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលដល់ច្រើនសន្ធឹកសន្ធាប់ពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ។ ប៉ុន្តែដោយសារតែក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់មុខងារនេះហើយនោះ បានជា Google ត្រូវតែដាក់ចេញនូវមុខងារស្រដៀងគ្នានេះ ដើម្បីកុំឱ្យអ្នកប្រើប្រាស់គិតថា ក្រុមហ៊ុនមិនបានគិតពីការការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។

ជាមួយមុខងារថ្មីនេះក្រុមហ៊ុន Apple បានទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ឱ្យមានការឯកភាពពីអ្នកប្រើប្រាស់ទាក់ទងទៅនឹងការប្រើលេខសំគាល់ដើម្បីអាចតាមដានអ្នកប្រើប្រាស់ពីកម្មវិធីមួយទៅកម្មវិធីមួយទៀត ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។ ចំណែកឯក្រុមហ៊ុន Google វិញនោះ អ្នកប្រើប្រាស់អាចបិទឬបើកមុខងារនេះនៅក្នុងការកំណត់ (Settings) របស់ទូរសព្ទវិញ។

គួររំឭកផងដែរថា ក្រុមហ៊ុនហ្វេសប៊ុកធ្លាប់បានធ្វើការផ្សព្វផ្សាយរិះគន់ក្រុមហ៊ុន Apple ខ្លាំងៗ ដោយចោទប្រកាន់ថា មុខងារនេះគឺមិនមែនដើម្បីសម្រាប់ការពារទិន្នន័យឯកជនភាពនោះទេ ផ្ទុយទៅវិញគឺវាដើម្បីឱ្យក្រុមហ៊ុន Apple ទាញយកផលចំណេញតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពបច្ចេកវិទ្យាវិញនោះគិតថា នេះគឺជាមុខងារដ៏ល្អ ហើយក្រុមហ៊ុនហ្វេសប៊ុកមានការមិនពេញចិត្តដោយសារតែ ភាគច្រើននៃប្រាក់ចំណូលរបស់ពួកគេគឺបានមកពីការប្រមូលទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ឬលក់ទៅឱ្យក្រុមហ៊ុនទីបីនោះ៕

ដោយ៖ សិលា


ចែករំលែក៖