បណ្តាក្រុមហ៊ុនអាកាសចរណ៍ធំៗបំផុតរបស់អាមេរិក បានអំពាវនាវដល់រដ្ឋាភិបាលចេញសេចក្តីសម្រេច កាត់បន្ថយការរឹតត្បិតធ្វើដំណើរដើម្បីទប់ស្កាត់កូវីដ-១៩ ដែលភាគច្រើនហាមអ្នកដំណើរពីអឺរ៉ុបនិងប្រទេសជាច្រើនទៀតចូលក្នុងទឹកដីអាមេរិក។
នៅថ្ងៃទី៧ខែមិថុនា ថ្នាក់ដឹកនាំ និងអគ្គនាយកប្រតិបត្តិបណ្តាក្រុមហ៊ុនអាកាសចរណ៍នៅអាកាសយានដ្ឋាន Heathrow ប្រទេសអង់គ្លេស និងសមាគមអាកាសចរណ៍ ទេសចរណ៍អាមេរិកនឹងបើកកិច្ចប្រជុំអនឡាញដើម្បីស្នើកាត់បន្ថយច្បាប់រឹតត្បីតរវាងអាមេរិកនិងអង់គ្លេស ដើម្បីឲ្យក្រុមហ៊ុនអាកាសចរណ៍ដំណើរការឡើងវិញ។
ចាប់តាំងពីខែមីនាឆ្នាំ២០២០ អាមេរិកបានហាមប្រាមស្ទើរតែទាំងស្រុង ការហោះហើររវាងអាមេរិកនិឹងអង់គ្លេស ហើយពលរដ្ឋដែលបានធ្វើដំណើរត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
បណ្តាក្រុមហ៊ុនអាកាសចរណ៍អាមេរិក សង្ឃឹមថា នៅចុងខែឧសភាកន្លងមក អាមេរិកនឹងលុបច្បាប់រិឹតត្បិតធ្វើដំណើរជាមួយប្រទេសអង់គ្លេស អៀកឡង់ ដែលជាតំបន់មានអ្នកឆ្លងកូវីដ-១៩តិច ។ ច្បាប់រឹតត្បិតក៏បានអនុវត្តចំពោះពលរដ្ឋមកពីប្រទេសប្រេស៊ីល ឥណ្ឌា អុីរ៉ង់ និងអាហ្វ្រិកខាងត្បូងផងដែរ។
តាមគម្រោងនៅថ្ងៃទី៩ខែមិថុនា បារាំងនឹងបើកទ្វារទទួលពលរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងរួចរាល់មកកម្សាន្តនៅបារាំងក៏ដូចជាអឺរ៉ុប ។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានប្រកាសថានឹងតភ្ជាប់ជើងហោះហើរពីទីក្រុងវ៉ាស៊ីនតោន ទៅកាន់ទីក្រុងប៉ារីសវិញនៅខែកក្កដា ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ក៏នឹងបន្ថែមជើងហោះហើរទៅកាន់ប្រទេសបារាំងផងដែរ៕ដោយ៖ធីរីណា
ក្រុមហ៊ុនអាកាសចរណ៍ធំ ៗ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល Covid-19 ដែលរារាំងអ្នកដំណើរពីបណ្តាប្រទេសអឺរ៉ុបនិងកន្លែងផ្សេងទៀតពីការចូលសហរដ្ឋអាមេរិក។ (រូបភាព៖ រ៉យទ័រ)