នាយកដ្ឋានគ្រប់គ្រងឱសថនេប៉ាល់ បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន ក្នុងពេលដែលប្រទេសនេះប្រឈមនឹងការឆ្លងកូវីដ-១៩ជាលើកទីពីរ ។
វ៉ាក់សាំងស៊ីណូវ៉ាក់ គឺជាវ៉ាក់សាំងទីពីររបស់ចិនដែលត្រូវបានប្រទេសនេប៉ាល់អនុម័តឲ្យប្រើប្រាស់ជាផ្លូវការបន្ទាប់ពីវ៉ាក់សាំងស៊ីណូហ្វាម។ វ៉ាក់សាំងចិនទាំងពីរនេះ សុទ្ធតែត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ជាផ្លូវការរួចទៅហើយ បន្ទាប់ពីក្រុមអ្នកជំនាញអន្តរជាតិ បានពិនិត្យឃើញអំពីសុវត្ថិភាព និងប្រសិទ្ធភាព។
នេប៉ាល់បានអនុម័តឲ្យប្រាស់វ៉ាក់សាំង Sinovac លើមនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ កន្លងមកនេះ ២% នៃចំនួនប្រជាជននេប៉ាល់ទាំង៣០លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19។ គិតត្រឹមថ្ងៃសៅរ៍នេះ នេប៉ាល់មានអ្នកឆ្លង COVID-19 សរុបជាង ៥៨០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ៧,៧០០នាក់ និងជាសះស្បើយវិញជាង ៥១៥,០០០នាក់។
នៅពេលនេះដែរនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឱសថចិន ស៉ីណូវ៉ាក់ (Sinovac) បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ (booster dose) របស់ខ្លួនបានបញ្ចប់ការធ្វើតេស្តសាកល្បងដំណាក់កាលទី២ហើយ ដោយក្រុមអ្នកស្ម័គ្រចិត្តបានទទួលការចាក់ដូសទី៣ បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំង២ដូស
រួចរាល់។
លោក យិន វៃតុង (Yin Weidong) នាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតឱសថចិន Sinovac បានគូសបញ្ជាក់ថា អ្នកចូលរួមចាក់វ៉ាក់សាំងដូសទី៣ បានឃើញកម្រិតអង្គបដិប្រាណ (អង់ទីគ័រ) ប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) កើនឡើង១០ដងបើធៀបនឹងកម្រិតមុន (កម្រិតនៅក្រោយការចាក់២ដូស) ក្រោយការចាក់រយៈពេល១សប្តាហ៍នឹងកើនឡើង២០ដងក្នុងរយៈពេល ២សប្ដាហ៍។
បើតាមក្រុមហ៊ុន Sinovac បានរំលឹកកាលពីសុក្រសប្តាហ៍នេះថា ខ្លួនត្រូវការពេលយូរបន្ថែមទៀត ដើម្បីត្រួតពិនិត្យមើលប្រសិទ្ធភាព នៃការធ្វើតេស្តវ៉ាក់សាំងដូសទី៣ មុនពេលដែលត្រូវដាក់វាឲ្យអាជ្ញាធរចិនត្រួតពិនិត្យ។ នៅថ្ងៃសុក្រដដែល Sinovac ក៏បានប្រកាសផងដែរថា វ៉ាក់សាំងរបស់ខ្លួនត្រូវបានរដ្ឋាភិបាលចិនអនុម័តឲ្យប្រើក្នុងករណីបន្ទាន់ហើយ ទៅលើកុមារ និងមនុស្សវ័យជំទង់អាយុចន្លោះពី ០៣ឆ្នាំ ដល់ ១៧ឆ្នាំ៕ដោយ៖ ធីរីណា
រូបភាព៖baoquocte.vn