ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានថ្លែងឲ្យដឹងថា៖ ការនាំចេញម្ទេសស្រស់របស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេល ៥ខែដំបូងនៃឆ្នាំ២០២១នេះ។ ជាក់ស្ដែងយោងតាមស្ថិតិ ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ ២០២១ ម្ទេសស្រស់ចំនួន ៥៦ ៥០៧.១២ តោនត្រូវបាននាំចេញដែលជាការកើនឡើងប្រចាំឆ្នាំប្រហែល ៩៥% ។
បើយោងតាមស្ថិតិដែលបានចែករំលែកថ្មីៗនេះ ដោយលោក វេង សាខុន បានបញ្ជាក់ទៀតថា ជាមួយគ្នានេះ ប្រទេសកម្ពុជា នាំចេញម្ទេសក្រៀមចំនួន ៦០០តោនធ្លាក់ចុះ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា ម្ទេសត្រូវបានដាំដុះពាសពេញប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តាខេត្តតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាបរួមទាំងខេត្តកណ្ដាល កំពង់ចាមកំពង់ឆ្នាំង។ល។ ហើយទីផ្សារធំបំផុតសម្រាប់ម្ទេសកម្ពុជា គឺប្រទេសថៃ បន្ទាប់មកគឺប្រទេសអារ៉ាប់រួម៕ដោយ៖សហការី
រូបថត៖ឯកសារ