ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ឆ្លងក្នុងសហគមន៍ក្នុងស្រុកចំនួន២ ក្នុងខេត្តសៀមរាប គឺស្រុកសូត្រនិគម និងស្រុកជីក្រែង

ចែករំលែក៖

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប អំពាវនាវបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ ចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រស្រុកសូត្រនិគម និងស្រុកជីក្រែង មានការប្រុងប្រយ័ត្នខ្ពស់បំផុត បន្ទាប់ពីអាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ឆ្លងក្នុងសហគមន៍ក្នុងស្រុកទាំង២ ដោយមិនអាចកំណត់មុខសញ្ញាច្បាស់លាស់ ពីប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅឡើយ។

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញការឆ្លងរាលដាលជំងឺ កូវីដ-១៩ ជាបន្តបន្ទាប់ ជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង សរុបចំនួន៦៦នាក់(ស្រុកសូទ្រនិគម៣១នាក់ និងស្រុក ជីក្រែង៣៥នាក់) ដែលករណីនេះគឺជាការឆ្លងក្នុងសហគមន៍ ហើយពុំទាន់អាចកំណត់មុខសញ្ញាច្បាស់លាស់ អំពីប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅឡើយ។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង និងបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រនេះ ត្រូវបង្កើនការ ប្រុងប្រយ័ត្ន និងចូលរួមអនុវត្តដូចខាងក្រោម៖១-ត្រូវបន្តអនុវត្តសេចក្តីណែនាំលេខ០០២/២១ សណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ស្តីពីការពង្រឹងការអនុវត្តនូវវិធានការការពារ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ នៅក្នុងខេត្តសៀមរាប
, សេចក្ដីណែនាំលេខ០០៨/២១ សណន ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅក្នុងខេត្តសៀមរាប និងសេចក្ដីណែនាំលេខ០១១/២១ សណន ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្តីពីការបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំ ប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ជាបណ្តោះអាសន្ន។
២-ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ “៣ការពារ និង “៣កុំ” និងអនុវត្តវិធានការសុខាភិបាល ហើយក្នុងករណីពុំចាំបាច់សូមកុំធ្វើដំណើចេញពីលំនៅឋាន ឬ ទីសំណាក់របស់ខ្លួន។
៣-ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ជាប្រចាំ និងរក្សាគម្លាតបុគ្គល ពិសេសនៅក្នុងទីប្រជុំជន ផ្សារ និងទីសាធារណៈផ្សេងៗ។
៤-អ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ត្រូវអនុវត្តកាតព្វកិច្ចធ្វើចតាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានសុខាភិបាល ក្នុងករណីមានការប្រែប្រួលសុខភាព សូមផ្ដល់ព័ត៌មានមកកាន់លេកស័ព្ទ ចង់ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើស្រាវជ្រាវ ។
៥-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសរដ្ឋបាល ស្រុកសូទ្រនិគម និងរដ្ឋបាលស្រុកជីក្រែង ត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីបន្តគ្រប់គ្រងចលនា របស់ប្រជាពលរដ្ឋ ពង្រឹងការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក និងតាមដានស្ថានការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយធ្វើការគ្រប់គ្រង សម្របសម្រួលដោះស្រាយបញ្ហានានាដែលអាចកើតមាន ឡើង និងពង្រឹងការអនុវត្តតាមសេចក្ដីណែនាំនានាវិធានការសុខាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធិភាពនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖