ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តសាំយ៉ុងមួយគ្រឿងក្នុងល្បឿនលឿនហើយបានបើកវ៉ាជាមួយនឹងរថយន្តមួយគ្រឿងទៀតដែលបើកនៅខាងមុខតែបើកជែងមិនផុតក៏ជ្រុលទៅបុកគូទពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងរងរបួសស្រាលនារីម្នាក់។
ហេតុគ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកPAJERO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2D-9455 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ត្រង់ចំណុចកើតហេតុ មុខនិងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ2N -3258បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរប្រុសស្រីពីរនាក់ទៀតដែលធ្វើដំណើរមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿន ហើយបានបន្ថែមល្បឿនដើម្បីវ៉ារថយន្តPAJERO តែវ៉ាមិនផុតក៏ជ្រុលទៅបុកគូទពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ ចំណែកឯនារីម្នាក់ដែលធ្វើដំណើរតាមរថយន្តសាំយ៉ុងរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តសាំយ៉ុងយល់ព្រមសងថ្លៃការខូចខាតទាំងអស់ទៅភាគីខាងរថយន្តPAJEROដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ៖ និនសុភ័ស្ត