ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់មានផ្ទៃពោះជិតគ្រប់ខែរងរបួសធ្ងន់ ហើយព្យាយាមបើករត់តែត្រូវសមត្ថកិច្ចដេញ តាមឃាត់បានវិញ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងមិនប្រយ័ត្នជ្រុលបុកម៉ូតូពីក្រោយបណ្តាលឲ្យស្រ្តីម្នាក់កំពុងមានផ្ទៃពោះជិតគ្រប់ខែរងរបួសធ្ងន់ ហើយព្យាយាមបើករថយន្តរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចដេញឃាត់បានវិញ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង០០នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេញកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកADVពណ៍សលាយខ្មៅពាក់ស្លាកលេខនគរបាល1-5022បើកបរដោយបុរសម្នាក់ នឹងរួមដំណើរដោយស្ត្រីម្នាក់កំពុងមានផ្ទៃពោះ ដែលធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៦៦ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំនុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីសពណ៍សពាក់ស្លាកលេខភ្នំពេញ  2AJ 8505បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយក៏ជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឲ្យស្ត្រីម្នាក់ដែលធ្វើដំណើរតាមម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តមិនព្រមឈប់ដោះស្រាយហើយព្យាយាមបើករត់គេចខ្លួនរហូតទៅដល់ស្តុបសេះមាសដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងក្នុងខណ្ឌមានជ័យទើបត្រូវបានសមត្ថកិច្ចដេញឃាត់ខ្លួនបាន។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនអ្នកបើកបរនិងរថយន្តបង្កមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ដោយ៖និនសុភ័ស្ត


ចែករំលែក៖