ខ្សែបម្រើ Georginio Wijnaldum របស់ក្រុមហង្សក្រហម Liverpool ជិតនឹងចូលរួមជាមួយក្រុម Paris St-Germain ក្នុងការផ្ទេរដោយឥតគិតថ្លៃ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៨ មិថុនាម្សិលមិញ។
កីឡាករ Wijnaldum បានជ្រើសរើសមិនចុះកិច្ចសន្យាបន្តកុងត្រាជាមួយ Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ ធ្វើឲ្យរូបគេក្លាយជាភ្នាក់ងាយឥតគិតថ្លៃ ហើយក៏ត្រូវបានក្លិបយក្សបារាំង PSG ចុះកិច្ចសន្យា។
គេបានរំពឹងទុកថា កីឡាករវ័យ៣០ឆ្នាំរូបនេះនឹងចូលរួមជាមួយក្រុម Barcelona នៅពេលដែលកិច្ចព្រមព្រៀងរបស់ហង្សក្រហមផុតកំណត់នៅចុងខែមិថុនា ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួល ដោយកីឡាករ GeorginioWijnaldum ចុះកិច្ចសន្យាជាមួយក្លិបនៅបារាំងទៅវិញ។
ទោះបីជាយ៉ាងណាក៏ដោយ ក្លិប PSG ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២កាលពីរដូវកាលមុនត្រូវបានគេយល់ថា បានបោះជំហានចូលជាមួយនឹងការផ្តល់ជូនល្អប្រសើរជាងមុន ហើយ Wijnaldum បានជ្រើសរើសចូលរួមជាមួយពួកគេ។ វត្តមានរបស់លោក Mauricio Pochettino នៅ PSG ក៏ត្រូវបានគេគិតថាជាកត្តាគួបផ្សំក្នុងការនាំយកកីឡាកររូបនេះផងដែរ។
កីឡាករ Wijnaldum បានពេញចិត្តយ៉ាងខ្លាំងពីលោក Pochettino មុនពេលដែលគាត់បានចូលរួមជាមួយក្រុម Liverpool ហើយទោះបីជាកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ ឥឡូវនេះត្រូវបានគេរំពឹងថាបុរសជនជាតិហូឡង់រូបនេះនឹងផ្លាស់ទៅក្លិបយក្សបារាំង។
ខ្សែបម្រើ Wijnaldum ដែលជាផ្នែកមួយនៃក្រុមជម្រើសជាតិហូឡង់សម្រាប់យូរ៉ូឆ្នាំ២០២០បានបង្ហាញខ្លួនចំនួន២៣៧លើកសម្រាប់ក្រុមហង្សក្រហម Liverpool ដែលជាកន្លែងដែលរូបគេបានឈ្នះពាន រង្វាន់ Premier League និង Champions League ៕ដោយ៖ភារៈ