ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាខ្លាំង បុរសភេទទីបីម្នាក់បើករថយន្តលឿនដូចហោះជ្រុលទៅបុកចំណតរថយន្តក្រុងនិងបង្គោលភ្លើងស្តុបខូចខាតយ៉ាងដំណំតែសំណាងដែរមិនមានអ្នករបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសភេទទីបីម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្តក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកចំណតរថយន្តក្រុងនិងបោកបង្គោលភ្លើងស្តុបបណ្តាលឱ្យធ្លាក់ភ្លើងស្តុបរាយពេញផ្លូវ និងចំណតរថយន្តក្រុងត្រូវបានខូចខាតស្ទើរតែទាំងស្រុង រីឯរថយន្តបង្កហេតុបានរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលមិនមានមនុស្សរងរបួស។ 

   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង ២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២១  នៅចំណុចភ្លើងស្តុបព្រៃជីសាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

   តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសភេទទីបីខាងលើសង្ស័យស្រវឹងស្រាខ្លាំងឬក៏ខូចចិត្តនឹងរឿងអ្វីមួយហើយ ព្រោះនៅក្នុងរថយន្តមានសុទ្ធតែកំប៉ុងស្រាបៀរជាច្រើននិងបើករថយន្ត camryមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AX-5549តាមបណ្ដោយផ្លូវតាកន​ ឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូងឆ្ពោះទៅទិសខាងកើត លឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើអ្នកបើកបានបួងចង្កូតបត់មិនទាន់ក៏ជ្រុលទៅបុកចំណតរថយន្តក្រុងពេញទំហឹងបណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុង ចំណែករថយន្តបានបោកផ្ទប់នឹងបង្គោលភ្លើងស្តុបធ្លាក់អំពូលភ្លើងស្តុបរាយពេញផ្លូវ ចំណែករថយន្តរងខូចខាតយ៉ាងដំណំ ។ក្រោយហេតុការណ៍អ្នកបើកបររថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖