ក្រុមជម្រើសជាតិអេស្ប៉ាញបានកោះហៅកីឡាករចំនួន៤នាក់ឲ្យចូលរួមក្នុងការហ្វឹកហាត់ស្របគ្នា បន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ–១៩ របស់ប្រធានក្រុម Sergio Busquets កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ជាតិអេស្ប៉ាញនៅថ្ងៃអង្គារ។
សារព័ត៌មាន CNA បានផ្សាយថា ការបន្ថែមបញ្ជីឈ្មោះកីឡាករថ្មីនេះរួមមាន Rodrigo Moreno មកពីក្លិប Leeds United, Pablo Fornals មកពីក្លិប West Ham United, Carlos Soler មកពីក្លិប Valencia និង BraisMendez មកពីក្លិប Celta Vigo នឹងមិនស្នាក់នៅមូលដ្ឋានហ្វឹកហាត់នៅLas Rozas របស់អេស្ប៉ាញ ឬមិនជាប់ពាក់ព័ន្ធនឹងកីឡាករដែលឆ្លងកូវីដ-១៩នោះទេ។
ដោយសារតែមានវិធានការចំពោះផលវិបាកដែលអាចកើតមានពីការធ្វើតេស្តវិជ្ជមានរបស់កីឡាករ Sergio Busquets បុគ្គលិក, គ្រូបង្វឹកបានសំរេចចិត្តកោះហៅក្រុមកីឡាករ៤នាក់ដើម្បីបំពេញបន្ថែមវគ្គបណ្តុះបណ្តាលក្នុងរយៈពេល២–៣ថ្ងៃខាងមុខក្រោមការណែនាំរបស់គ្រូបង្វឹកលោក Luis Enrique ។
អេស្ប៉ាញបានយកឈ្នះក្រុមលីទុយអានី ៤ទល់០ ក្នុងការប្រកួតមិត្តភាពមួយកាលពីថ្ងៃអង្គារនេះជាមួយក្រុមបាល់ទាត់អាយុក្រោម២១ឆ្នាំរបស់ពួកគេដែលទើបតែបញ្ចប់ការប្រកួតក្នុងពានរង្វាន់អឺរ៉ុប (យូរ៉ូU21) ដែលពួកគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយគ្រូបង្វឹកលោកLuis de la Fuente បញ្ជូនកីឡាករវ័យក្មេងទាំងនោះដើម្បីបំពេញចន្លោះក្នុងការឡើងទៅប្រកួតក្នុងក្រុមឈុតធំ។
ការបញ្ចូលរបស់កីឡាករវ័យក្មេងទៅក្នុងក្រុមសម្រាប់យូរ៉ូ២០២០ នឹងអាស្រ័យលើលទ្ធផលដែលនឹងវិលត្រឡប់មកវិញក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ បើសិនជាកីឡាករដែលជាប់ពាក់ពន្ធនឹងកីឡាករឆ្លងកូវីដ ធ្វើតេស្តអវិជ្ជមាន។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអេស្ប៉ាញនឹងត្រូវជួបក្រុមជម្រើសជាតិស៊ុយអែតក្នុងការប្រកួតបើកឆាកក្នុងពូល E របស់ពួកគេនៅថ្ងៃចន្ទសប្តាហ៍ក្រោយក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០ ៕
ដោយ៖ ភារៈ