ក្រុមជម្រើសជាតិបារាំងបានយកឈ្នះក្រុមភ្ញៀវប៊ុលហ្គារី ៣ទល់០ ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីរាត្រីថ្ងៃទី៨ឈានចូលថ្ងៃទី៩ មិថុនានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។
៣គ្រាប់ដែលក្រុមជម្រើសជាតិបារាំងរកបានគឺ១គ្រាប់នៅតង់ទី១រកបានដោយខ្សែប្រយុទ្ធ Antoine Griezmann នៅនាទីទី២៩ និង២គ្រាប់ទៀតរកបាននៅតង់ទី២ ដោយខ្សែប្រយុទ្ធ Olivier Giroud នៅនាទីទី៨៣ និងនាទីទី៩០។ លទ្ធផលនេះធ្វើឲ្យបារាំងបង្ហាញទម្រង់លេងយ៉ាងល្អដើម្បីត្រៀមប្រកួត Euro ២០២០ របស់ពួកគេនៅសប្តាហ៍ក្រោយ ។
ក្រុមម្ចាស់ជើងឯកពិភពលោកមួយនេះបានប្រមូលផ្តុំកីឡាករខ្លាំងៗដែលគួរឱ្យចាប់អារម្មណ៍ដូចជា Kylian Mbappe, Karim Benzema និង Antoine Griezmann សុទ្ធសឹងតែបានបង្ហាញខ្លួនក្នុងជំនួបមិត្តភាពនេះ។ កីឡាករ Giroud របស់ក្រុមតោខៀវ Chelsea បានចូលលេងជាកីឡាករបម្រុងហើយរកបាន២គ្រាប់ដោយធ្វើបាននៅតង់ទី២ ។
គួរបញ្ជាក់ថា ប្រទេសបារាំងនឹងបើកយុទ្ធនាការប្រកួតក្នុងពូល F របស់ពួកគេនៅព្រឹត្តិការណ៍យូរ៉ូ២០២០ នៅថ្ងៃអង្គារទី១៥ ខែមិថុនាជាមួយនឹងការប្រកួតដ៏ជក់ចិត្តជាមួយអាឡឺម៉ង់ មុនពេលលេងប៉ះហុងគ្រីនៅថ្ងៃសៅរ៍ទី១៩ ខែមិថុនា ហើយបន្ទាប់មកត្រូវជួបជាមួយព័រទុយហ្គាល់នៅថ្ងៃពុធទី២៣ ខែមិថុនា ខាងមុខ ៕
ដោយ ៖ ភារៈ