ខេត្តស្វាយរៀង៖ លោក កុយ សារ៉េន នាយកក្រុមហ៊ុនអំពៅស្ករអំពាវនាវដល់បងប្អូនកម្មករប្រមាណជិត១០០នាក់សូមបន្តអនុវត្ត ៣កុំ ៣ការពារនិងរក្សាគម្លាតថែទាំសុខភាពជាចម្បងទើបយើងជៀសផុតពីការរីករាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា។
ការអំពាវនាវបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២១ក្នុងការចុះជួបសំណេះសំណាលនិងសួរសុខទុក្ខដល់បងប្អូនកម្មករប្រមាណជិត១០០នាក់ដែលធ្វើស្មៅថែទាំអំពៅស្ករស្ថិតក្នុងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាបខេត្តស្វាយរៀងដោយមានការចូលរួមពីសំណាក់សមត្ថកិច្ចការពារព្រំដែនជាច្រើននាក់ផងដែរ។
លោក កុយ សារ៉េន បានអោយដឹងថាបញ្ហាប្រឈមនាពេលនេះក្នុងការថែទាំគល់អំពៅក្នុងឆ្នាំនេះមានការយឹតយ៉ាវប្រមូលផលនាចុងខែ៤ដោយជារៀងរាល់ឆ្នាំគឺប្រមូលដើមខែ១ប៉ុន្តែដោយសារតែមានកត្តាជាច្រើនដូចជាការរីករាលដាលជំងឺឆ្លងកូវីដ-១៩ដោយការប្រមូលផលនាំចេញមានការលំបាកនិងយឹតយ៉ាវផងដែរ។
លោកបន្តថា ដោយកម្មកររបស់លោកគឺធ្វើការតែ៣ម៉ោងប៉ុណ្ណោះសម្រាកហើយ ចាប់ពីម៉ោង៧រហូតដល់ម៉ោង១០ព្រឹក រយៈពេលកន្លះថ្ងៃប៉ុណ្ណោះដោយលោកបាន ផ្ដល់កំរៃជាថវិកាសម្រាប់ពួកគាត់ក្នុងម្នាក់ៗជាថវិកាចំនួន១៥.០០០រៀលដោយខាងក្រុមហ៊ុនអំពៅស្ករបានផ្ដល់ការងារឱ្យបងប្អូនប្រជាពលរដ្ឋ ដោយមិនចាំបាច់ចំណាកស្រុកទៅបម្រើការងារនៅខេត្តផ្សេងនិងសម្រួលក្នុងការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនផងដែរបានមួយកំរិត។
លោក កុយ សារ៉េន ក៏បានជម្រុញដល់បងប្អូនកម្មករទាំងអស់ពេលម៉ោងធ្វើការសូមបន្តរក្សាគម្លាតពីគ្នាមួយម៉ែត្រកន្លះ ពីរងមួយ ទៅរងមួយនិងចូលរួមថែរក្សាសុខភាពដោយប្រកាន់ខ្ជាប់នូវអនាម័យ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំទើបជៀសផុតពីជំងឺកូវីដ-១៩ដែលរាតត្បាតទូទាំងប្រទេស។
ក្នុងឱកាសនោះដើម្បីជារបស់កំដរដៃលោកក៏បានចែកអំណោយចម្រុះមានដូចជាសារ៉ុងនិងក្រមាព្រមទាំងចែកម៉ាស់ដល់បងប្អូនកម្មករប្រមាណជិត១០០នាក់យ៉ាងភាពស្និតស្នាលផងដែរ៕
ដោយ៖ យឹម សុថាន