អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញផ្សាយពីមជ្ឈមណ្ឌលអាមេរិកសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះថា សហរដ្ឋអាមេរិក បានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរលើប្រទេស និងដែនដីចំនួន ១១០ ដែលមានស្ថានការណ៍ឆ្លងរាតត្បាត COVID-19 ធូរស្រាល។ជាក់ស្ដែងកាលពីថ្ងៃចន្ទទី៨ ខែមិថុនា ឆ្នាំ២០២១ (ម៉ោងនៅវ៉ាស៊ីនតោន) គេហទំព័រ CDC បានបង្ហោះព័ត៌មានថា៖ ប្រទេសចំនួន៦១ ត្រូវបានបន្ធូរបន្ថយចេញពី កម្រិតលេខ៤ ដែលជាកម្រិតមួយផ្ដល់អនុសាសន៍ធ្វើដំណើរសម្រាប់តែអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូសប៉ុណ្ណោះ។ ចំណែកឯ ប្រទេស និងដែនដីចំនួន៥០ ផ្សេងទៀត ត្រូវបានបន្ធូរបន្ថយមកនៅត្រឹមកម្រិតលេខ ២ ឬលេខ១។
គួរជម្រាបថា បណ្ដាប្រទេសដែលត្រូវបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរមកត្រឹមកម្រិតទាបត្រឹមលេខ ១ ឬ ២ ក្នុងនោះរួមមាន៖ សិង្ហបុរី, អ៉ីស្រាអែល, កូរ៉េខាងត្បូង, អ៉ីស្លង់, បេលីស, និងអាល់បានី ។ ខណៈប្រទេសស្ថិតនៅក្នុងបញ្ជីកម្រិតលេខ៣ មានបារាំង, អេក្វាដ័រ, ហ្វីលីពីន, អាហ្វ្រិកខាងត្បូង, កាណាដា, ម៉ិកស៊ីកូ, រុស្ស៊ី, អេស្ប៉ាញ, ស្វីស, តួកគី, អ៊ុយក្រែន, ហុងឌូរ៉ាស់, ហុងគ្រី និងអ៉ីតាលីជាដើម។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣០៣លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧១.៣១លាននាក់ (៥២.២%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៤០លាននាក់ (៤២.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ៖ស តារា