ខេត្តកណ្តាល៖ កម្លាំងជំនាញស្រុកមុខកំពូល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៧ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រី៤នាក់ដែលតែងតែធ្វើសកម្មភាពចាំស្ទាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាតិលេខ៦។
ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យនេះធ្វើឡើងនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ផុន សុផានិត អាយុ២៦ឆ្នាំ , ឈ្មោះ ស៊ឹង ណារ៉ាក់ អាយុ ១៨ឆ្នាំ , ឈ្មោះ ទិត្យ បញ្ញាខារិន អាយុ ១៩ឆ្នាំ យុវជនសង្ស័យទាំង៣នាក់នេះ មានមុខរបរមិនពិតប្រាកដ និង ឈ្មោះ ម៉ាលី រ៉យ៉ើ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ លក់អីវ៉ាន់តាមអនឡាញ ។
ប្រភពដដែលបន្តថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២៖៣០នាទី រំលងអធ្រាត្រ កម្លាំងសមត្ថកិច្ចចម្រុះបានចេញល្បាត ពួនស្ទាក់រហូតដល់វេលាម៉ោង៣ទៀបភ្លឺ ក៏បានឃើញរថយន្តនិងជនសង្ស័យខាងលើ ឈប់នៅចិញ្ចើម ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ដោយមានការសង្ស័យ កម្លាំងយាមល្បាតបានឈប់រថយន្តបម្រុងចុះទៅសួរនាំ ត្រួតពិនិត្យ តែភ្លាមនោះក្រុមជនសង្ស័យក៏បាននាំគ្នាឡើងជិះរថយន្តបើករត់គេចតាមបណ្ដោយផ្លូវជាតិលេខ៦។
ពេលមកដល់ចំណុចតារាងបាល់ នំបញ្ចុករបស់ឈ្មោះ យឹម ប៊ុនលាង ស្ថិតនៅក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រុុម ជនសង្ស័យក៏បានទម្លាក់ដាវចោលនៅទីនោះ។កម្លាំងយាមល្បាតក៏ដេញពីក្រោយរហូតមកដល់ចំណុចមុខឡឥដ្ឋ របស់ឈ្មោះ ព្រាប កុយ ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលក៏ត្រូវកម្លាំងសមត្ថកិច្ចមួយក្រុមទៀតស្ទាក់ចាប់បានរថយន្តនោះជាប់ហើយក៏បាននាំជនសង្ស័យនិងរថយន្តខាងលើមកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថាៈ នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមខ្លួនបានមកឈប់រថយន្តរៀបចំធ្វើសកម្មភាពប្លន់យកម៉ូតូនៅតាមបណ្ដោយផ្លូវជាតិលេខ៦ តែមិនទាន់បានធ្វើសកម្មភាពផង ក៏ត្រូវសមត្ថកិច្ចឃាត់បាន។ កន្លងមក ក្រុមខ្លួនធ្លាប់មកធ្វើសកម្មភាពក្នុងស្រុកមុខកំពូល តាមបណ្ដោយផ្លូវជាតិលេខ៦ ចំនួន៣លើក បានសម្រេចចំនួន១លើក គឺប្លន់ម៉ូតូពីជនរងគ្រោះ ឈ្មោះ យ៉ុន សុផានិត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៥៖១០ នាទីទៀបភ្លឺ នៅចំណុចភូមិក្រង់ស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល បានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ចំនួន១គ្រឿង។ក្រោយពីយក ម៉ូតូបានហើយក៏យកទៅលក់នៅម្ដុំឃ្លាំងរំសេវ រាជធានីភ្នំពេញ ក្នុងមួយគ្រឿង បានតម្លៃ៦០០ដុលា្លរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ខាងលើ ត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកមុខកំពូលហើយកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី ៕
ដោយ៖ស្អាងជ័យ