ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បន្ទាប់ពីរកឃើញករណីវិជ្ជមាន លើមន្ដ្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំមួយចំនួន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ អំពីការចាត់វិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ ក្រសួងមហាផ្ទៃ បានធ្វើណែនាំដល់អភិបាលរាជធានី-ខេត្ត ចូលរួមផ្តល់ការគាំទ្រដល់មណ្ឌលអប់រំកែប្រែ ដែលមានទីតាំងស្ថិតក្នុងរាជធានី ខេត្តសាមី និងពន្ធនាគាររាជធានី-ខេត្ត ក្នុងការអនុវត្តវិធានការសំខាន់ៗ ដូចខាងក្រោម៖
-ចំពោះមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដែលបានរកឃើញករណ៍វិជ្ជមានជំងឺកូវីដ-១៩ អភិបាលរាជធានី ខេត្តពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ដឹកនាំសម្របសម្រួល ជាមួយមន្ទីរសុខាភិបាល និងមន្ទីរ អង្គភាពពាក់ព័ន្ធ ផ្តល់ការគាំទ្រដល់អគ្គនាយកដ្ឋានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ព្រមទាំងពន្ធនាគារទាំងនោះ ក្នុងការគ្រប់គ្រងចាត់ចែងព្យាបាលអ្នកវិជ្ជមានជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការសុខាភិបាល នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងនោះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត នូវជំងឺនេះមកលើមន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំ ព្រមទាំងបង្កើនការរក្សាសន្តិសុខ និងសុវត្ថិភាពនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងនោះឱ្យបានល្អ។
-ចំពោះមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្ត ដែលមិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ត្រូវពង្រឹងការអនុវត្តវិធានការសុខាភិបាល ការធ្វើអនាម័យជាប្រចាំនៅតាមទីកន្លែងបំពេញការងារ និងតាមបន្ទប់ឃុំឃាំងនានា ការពាក់ម៉ាស ការលាងសំអាតដៃដោយសាប៊ូ ទឹកអាល់កុល ឬអាល់កុលដែល ការវាស់កំដៅលើមន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំ ព្រមទាំងត្រួតពិនិត្យសុខភាពអ្នកដែលបានអនុញ្ញាតឱ្យចេញ-ចូលក្នុងពន្ធនាគារតាមគោលការណ៍កំណត់ សំដៅបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងនោះ។
ជាមួយគ្នានេះ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងនោះឱ្យបានល្អ។ ក្នុងករណីមានការឆ្លងជំងឺកូវីដ-១៩ នៅមណ្ឌលអប់រំកែប្រែ ឬពន្ធនាគារណាមួយ អភិបាលរាជធានី-ខេត្ត ត្រូវសហការជួយធ្វើអន្ដរាគមន៍ឆ្លើយតប និងត្រូវរាយការណ៍ជាបន្ទាន់មកក្រសួងមហាផ្ទៃ៕ដោយ៖សហការី