ក្រោយមានការវាយតម្លៃខុសគ្នាទៅលើប្រភពកូវីដ-១៩ នាពេលកន្លងមក អាមេរិក និងអឺរ៉ុប អំពាវនាវឲ្យបន្តបើកការស្រាវជ្រាវ ពីប្រភពកូវីដ-១៩ ។
សារព័ត៌មាន Bloomberg News បានផ្សាយថា អាមេរិកនិងសហគមន៍អឺរ៉ុបគាំទ្រដល់ការស្រាវជ្រាវពីប្រភពកូវីដ-១៩ជាថ្មី ក្រោយមានការវាយតម្លៃខុសគ្នាពីប្រភពកូវីដ-១៩។ អាមេរិកនិងអឺរ៉ុប បានអំពាវនាវ ស្រាវជ្រាវពីប្រភពកូវីដ-១៩ ដំណាក់កាលទីពីរ ប្រកបដោយតម្លាភាព ពឹងផ្អែកទៅលើភស្តុតាង និងការដឹកនាំស្រាវជ្រាវដោយអង្គការសុខភាពពិភពលោក។
តាមសេចក្តីប្រកាសរួមរវាងអាមេរិកនិងអឺរ៉ុប បានសន្យាធ្វើការជាមួយគ្នា អភិវឌ្ឍន៍និងប្រើប្រាស់មធ្យោបាយប្រកបដោយឯករាជ្យ ស្រាវជ្រាវពីប្រភពកូវីដ-១៩ ដើម្បីទប់ស្កាត់ ជំងឺបែបនេះកើតឡើងនាពេលអនាគត។
តាមគម្រោងអាមេរិកនិងអឺរ៉ុបបានជួបពិភាក្សាគ្នានៅថ្ងៃទី ១៥ខែមិថុនា ហើយនៅក្នុងសេចក្តីប្រកាសរួមស្តីអំពីការស្រាវជ្រាវកូវីដ-១៩ និងមានការកែទម្រង់បន្ថែមទៀតក្នុងពេលប្រជុំ។
អាមេរិកគឺជាប្រទេសដែលបានអំពាវនាវឲ្យចិនលាតត្រដាង និង ស្រាវជ្រាវច្រើនជាងនេះស្តីពីប្រភពកូវីដ-១៩ ។
ការស្រាវជ្រាវថ្មី នឹងបង្កឲ្យមានភាពតានតឹងរវាងអាមេរិក អឺរ៉ុបនិងចិន។ បណ្តាប្រទេសលោកខាងលិចនៅតែសង្ស័យថា កូវីដ-១៩ បែកធ្លាយចេញពីមន្ទីរពិសោធន៍របស់ចិន។ អ្នកសារព័ត៌មានរបស់អង្គការសុខភាពពិភពលោក កាលពីដើមឆ្នាំ២០២១បានលើកឡើងថា ប្រភពកូវីដ-១៩ អាចកើតចេញពី ធម្មជាតិ មិនមែនចេញពីមន្ទីរពិសោធន៍របស់ចិននោះឡើយ៕ដោយ៖ ធីរីណា
រូបភាព៖Getty