ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបៃឌិនបំពេញទស្សនកិច្ចលើកដំបូងទៅកាន់៨ប្រទេសក្នុងតំបន់អឺរ៉ុប

ចែករំលែក៖

ប្រធានាធិបតីបៃឌិន បានចាកចេញពីអាមេរិកចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់៨ប្រទេសក្នុងតំបន់អឺរ៉ុប ហើយប្រទេសដំបូងគេក្នុងដំណើរទស្សនកិច្ចនោះគឺអង់គ្លេស ដើម្បីចូលរួមកិច្ចប្រជុំG7។

នៅថ្ងៃទី៩ខែមិថុនា ប្រធានាធិបតីបៃឌិន បានចាប់ផ្តើមទៅកាន់ប្រទេសអង់គ្លេសដែលជាប្រទេសទីមួយក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសចាប់តាំងពីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករាឆ្នាំ២០២១។ ដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបត្រូវអូសបន្លាយរយៈពេល៨ថ្ងៃ ទៅកាន់៨ប្រទេស ដើម្បីផ្សះផ្សាទំនាក់ទំនងដែលបានប្រឈមមុខតានតឹងក្នុងរដ្ឋកាលដឹកនាំរបស់លោកត្រាំ។
តាមគម្រោង អង់គ្លេស ជាទីតាំងដំបូងក្នុងដំណើរទស្សនកិច្ចរបស់លោកបៃឌិន ហើយនៅទីនោះលោកនឹងចូលរួមកិច្ចប្រជុំG7 ។នៅក្នុងកិច្ចប្រជុំ នឹងផ្តោតទៅលើកិច្ចពិភាក្សាស្តីពីវ៉ាក់សាំង និងវិស័យពាណិជ្ជកម្ម អាកាសធាតុ និងការអភិវឌ្ឍផ្សេងៗជាច្រើនទៀត។
មន្ត្រីជាន់ខ្ពស់អាមេរិក បានចាត់ទុកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាសម្ពន្ធមិត្តគឺអាចទប់ស្កាត់ឥទ្ធិពលរបស់ចិនបាន ។ លោកបៃឌិនប្រឈមនឹងសម្ពាធឲ្យចែករំលែកវ៉ាក់សាំងដល់ប្រទេសផ្សេងទៀតដែលត្រូវការជាបន្ទាន់។
នៅក្នុងប្រទេសអង់គ្លេស លោកបៃឌិននឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson។ នេះគឺជាឱកាសដើម្បីធ្វើឲ្យថ្មីឡើងវិញនូវទំនាក់ទំនងជាពិសេសរវាងអាមេរិក នឹងអង់គ្លេស ក្រោយប្រទេសនេះចាកចេញពីសហគមន៍អឺរ៉ុប។ ជាមួយគ្នានេះលោកបៃឌិននិងភរិយាក៏នឹងចូលជួបជាមួយព្រះមហាក្សត្រិយានី អេលីហ្សាបែតផងដែរ ។
ក្រោយមកលោកបៃឌិននិងគណៈប្រតិភូនឹងទៅកាន់ប្រទេសបែលហ្សិក ដើម្បីជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំណាតូ និងសហគមន៍អឺរ៉ុប ស្តីពីសកម្មភាពការពាររួមរបស់ណាតូ និងគោលយោបាយចំពោះរុស្ស៊ី ចិន៕ដោយ៖ធីរីណា

រូបភាព៖AP


ចែករំលែក៖