ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនក្រឡាបញ្ជីម្នាក់បោកប្រាក់គេម្នាក់ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ នី ឆេងឡេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត  ដែលជាប់ពាក់ព័ន្ធករណីឆបោកប្រាក់គេ ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបញ្ជាក់ថា​៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះចំនួន៣នាក់ ១.ឈ្មោះ ស៊ុ ម៉ាលី ភេទស្រី អាយុ២៦ឆ្នាំ ២.ឈ្មោះ វុទ្ធី វណ្ណថា ភេទប្រុស អាយុ២៩ឆ្នាំ ៣.ឈ្មោះ សួន ស៊ីម៉ាប់ អាយុ៤១ឆ្នាំនៅក្រុងប៉ោយប៉ែត បានប្តឹងចោទប្រកាន់ឈ្មោះនី ឆេងឡេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត  ពីបទរំលោភលើសេចក្តីទុកចិត្ត ។កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយអនុវត្តតាមបទបញ្ជារបស់លោកវង្ស ធី មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំ​បូងខេត្តបន្ទាយមានជ័យ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះនី ឆេងឡេង នេះមកសួរនាំនៅមូលមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។

លោក នួន នីណារ៉ូ បានឱ្យដឹងទៀតថា៖នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នី ឆេងឡេង បានឆ្លើយសារភាពថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១កន្លងមកនេះ រូបគេបានមកធ្វើការផ្នែកជំនួយការចៅក្រមនៅសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយចាប់តាំងពីពេលនោះមក រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ រូបគេបានបោកប្រាក់អ្នកនៅក្នុងក្រុងប៉ោយប៉ែតជាបន្តបន្ទាប់ ដោយរូបគេអះអាងថា ខ្លួនជាក្រឡាបញ្ជី និងជាជំនួយការផ្ទាល់របស់លោក អាំង ចិន្ដា ចៅក្រមសាលាដំបូងខេត្ត។ពេលនោះមានមនុស្សជាច្រើនជឿជាក់លើរូបគេ ហើយបានពឹងពាក់រូបគេឱ្យជួយរត់ការប្លង់ដី ដោយរូបគេយកប្រាក់ចំនួន២,៨០០ដុល្លារ។ អ្នកខ្លះទៀតឱ្យរត់ការធ្វើស្លាកលេខរថយន្ត និងដោះស្រាយម៉ូតូ ហើយពេលនោះរូបគេយកប្រាក់១,៣០០ដុល្លារ និងអ្នកខ្លះទៀតឱ្យរត់ការរឿងលែងលះប្ដី ប្រពន្ធ រូបគេយកប្រាក់បានចំនួន១,២៥០ដុល្លារ ។

រូបគេបានបញ្ជាក់ទៀតថា ការរត់ការនេះមិនបានលទ្ធផលអ្វីទាំងអស់ ពីព្រោះរូបគេបានប្រាក់ទាំងនោះមកទុកខ្លួនឯងទាំងអស់។

លោក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថាដោយផ្អែកតាមការបំភ្លឺពីជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះនី ឆេងឡេង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកងរាជងាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែកលោក អាំង ចិន្តា ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលជនសង្ស័យអះអាងថាខ្លួនជាក្រឡាបញ្ជីនិងជាជំនួយការរបស់លោកនោះ មិនអាចសុំការបញ្ជាក់បានទេ ដោយគ្មានលេខទូរស័ព្ទ៕​ 

ដោយ ៖ វណ្ណា


ចែករំលែក៖