ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងចង់ប្រើប្រាស់ភាសាបារាំងជំនួសភាសាអង់គ្លេសនៅសហគមន៍អឺរ៉ុប

ចែករំលែក៖

ភាសាបារាំងធ្លាប់ត្រូវបានប្រើប្រាស់នៅលើពិភពលោក ប៉ុន្តែក្រោយមកត្រូវបានភាសាអង់គ្លេសដណ្តើមយកបាត់ ដោយនៅក្នុងកិច្ចប្រជុំឬទំនាក់ទំនងអន្តរជាតិត្រូវប្រើប្រាស់ភាសាអង់គ្លេសជាគោល។ ប៉ុន្តែនៅពេលនេះបារាំង ចង់ផ្លាស់ប្តូរមកប្រើប្រាស់ភាសាបារាំងនៅក្នុងសហគមន៍អឺរ៉ុបវិញក្រោយអង់គ្លេសបានចាកចេញពីសហគមន៍នេះ។
ភាសាបារាំងគឺជាភាសាមួយក្នុងចំណោម៣ភាសាដែលបានប្រើប្រាស់នៅក្នុងគណៈកម្មការសហគមន៍អឺរ៉ុប ជាមួយនឹងភាសាអង់គ្លេស និងអាល្លឺម៉ង់ ។ ក្នុងពេលដែលអង់គ្លេសមិនមែនជាសមាជិកអឺរ៉ុបទៀតនោះ បារាំងបង្ហាញពីគោលបំណងបោះបង់ភាសាអង់គ្លេស ដោយប្រើប្រាស់តែភាសាបារាំងនិងអាល្លឺម៉ង់ប៉ុណ្ណោះ។
តាមតួលេខបង្ហាញឲ្យឃើញថា មន្ត្រីក្នុងគណៈកម្មការអឺរ៉ុបមានដល់ទៅជាង៨០%ប្រើប្រាស់ភាសាបារាំងជាភាសាទី១ ទី២ ឬទី៣ ។ ប៉ុន្តែដោយសារតែឥទ្ធិពលរបស់បារាំងថយចុះ ទើបភាសាអង់គ្លេសនាំមុខគេក្នុងការប្រើប្រាស់។ នៅក្នុងទីស្នាក់ការសហគមន៍អឺរ៉ុប ក្នុងទីក្រុង Brussels ប្រទេសបែលហ្សិុក ក៏ប្រើប្រាស់ភាសាអង់គ្លេសដូចគ្នា។
តាមសារព័ត៌មាន Politico បានផ្សាយថា បារាំងត្រៀមទទួលតំណែងជាប្រធានសហគមន៍អឺរ៉ុបនៅក្នុងឆ្នាំ២០២២ ហើយពេលនេះប្រធានាធិបតីបារាំងលោកម៉ាក្រុង មានបំណងចង់ផ្លាស់ប្តូរភាសាបារាំង ប្រើប្រាស់ជាផ្លូវការជំនួសភាសាអង់គ្លេសវិញ។
កន្លងមកក៏ដូចជាពេលនេះដែរ ភាសាអង់គ្លេសត្រូវបានប្រើប្រាស់ សម្រាប់ការងារ កិច្ចប្រជុំរបស់សហគមន៍អឺរ៉ុបដែលមាន ២៧ប្រទេស។ នៅថ្ងៃទី១ខែមិថុនាឆ្នាំ២០២២ បារាំងនឹងកាន់តំណែងប្រធានសហគមន៍អឺរ៉ុប ហើយពេលនោះបារាំងនឹងស្នើរាល់ឯកសារនានាដែលផ្ញើមកត្រូវសរសេរជាភាសាបារាំង ៕

ដោយ៖ ធីរីណា(រូបភាព៖ TTXVN)


ចែករំលែក៖