បច្ចុប្បន្ននៅលើពិភពលោកមានវ៉ាក់សាំងជាង២,១ពាន់លានដូស បានចាក់ជូនពលរដ្ឋនៅជុំវិញពិភពលោក ហើយប្រទេសចិនដែលបានចាក់ច្រើនដូសជាងគេ គឺមានជាង៨០០លានដូសហើយ។ បន្ទាប់ពីចិនគឺអាមេរិក ចាក់បានជាង៣០៣លានដូស សហគមន៍អឺរ៉ុបជាង២៧៥លានដូស ឥណ្ឌាជាង២៣៨លានដូស…។
វ៉ាក់សាំងបង្ការជំងឺ COVID-19 ច្រើនជាង៨០០លានដូសហើយត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេសចិន គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកមួយនេះ កំពុងជំរុញកម្មវិធីចាក់វ៉ាក់សាំងឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល និងការផ្ទុះឡើងវិញនៃជំងឺ COVID-19 ដ៏កាចសាហាវមួយនេះ។
គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានឱ្យដឹងនៅថ្ងៃពុធនេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួនជិត៨០៩លានដូសហើយត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេសចិន។ យោងតាមទិន្នន័យចុងក្រោយបំផុតនៃអង្គការសហប្រជាជាតិបានឱ្យដឹងថា ប្រទេសចិនគិតត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ មានប្រជាជនសរុបជាង១,៤៤៤លាននាក់។
លោក Zeng Yixin អ្នកនាំពាក្យរបស់ NHC បានលើកឡើងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ ជាមួយសារព័ត៌មានចិនស៉ីនហួថា យ៉ាងហោចណាស់៧០ភាគរយនៃចំនួនប្រជាជននៅក្នុងប្រទេសចិនដែលនៅក្នុងគោលដៅ ត្រូវបានគេរំពឹងថា នឹងត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅត្រឹមដំណាច់ឆ្នាំ២០២១៕ដោយ៖ ធីរីណា
រូបភាព៖ TTXVN