ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីសាលាស្រុកឱរ៉ាល់បើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិត។

ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ២៩–៣០ ស្ថិតក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកHONDA Dream ផលិតឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U-9940 បើកបរដោយឈ្មោះ ជួប ចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរមន្ត្រីសាលាស្រុកឱរ៉ាល់ (ប្រធានការិយាល័យច្រកចេញចូលតែមួយ) ស្នាក់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បុរសនេះ បើកបរម៉ូតូក្នុងទិសដៅពីលិចទៅកើតដែលជាផ្លូវងងឹត លុះដល់ចំណុចកើតហេតុ ស្រាប់តែទៅបុកគោយន្តកន្ត្រៃ០១គ្រឿង ពីក្រោយ ម៉ាក KUBOTA កម្លាំង១៤សេស ដឹកអុសក្រាក់ បើកបរដោយ ជនមិនស្គាល់អត្តសញ្ញាណម្នាក់ (គេចខ្លួន) ខណ:កំពុងបើកបរស្របទិសគ្នា។

ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូ(ជនរងគ្រោះខាងលើ)ម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និងម៉ូតូជាប់កន្ទុយរ៉ឺម៉កគោយន្តដឹកអុសក្រាក់ ខូចខាតមួយកំណាត់មុខធ្ងន់ធ្ងរ។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយកើតហេតុសមត្ថកិច្ច បានចុះត្រួតពិនិត្យវាស់វែងនិងបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។ រីឯវត្ថុតាងយានយន្តទាំង០២គ្រឿង ត្រូវបានយកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមច្បាប់៕


ដោយ ៖ ប្រាថ្នា


ចែករំលែក៖