ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តបាត់ដំបងនិងកំពង់ស្ពឺរកឃើញគ្រាប់យុទ្ធភ័ណ្ឌបន្សល់ពីសម័យសង្រ្គាមជាច្រើនគ្រាប់

ចែករំលែក៖

ខេត្តបាត់ដំបង+កំពង់ស្ពឺ ​៖​ នៅវេលាម៉ោង៩ និង៣០នាទី​ព្រឹកថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២១ មានប្រជាពលរដ្ឋឈ្មោះ ឡុក ធៀង​ ភេទប្រុស អាយុ៤៨ឆ្នាំ​ (ត្រូវជាអនុប្រធានភូមិអណ្តើកដប់មួយ) បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍រស្មីសង្ហារ​ ថា ប្រជាពលរដ្ឋក្នុងភូមិរបស់លោកបានប្រទះឃើញថាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ ចំនួន០៣គ្រាប់ ដែលជាប្រភេទគ្រាប់កាំភ្លើងត្បាល់ នៅចំណុចដីចំការ របស់ឈ្មោះ យ៉ាន់ វុទ្ធី ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអណ្ដើកដប់មួយ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

នៅថ្ងៃដដែល​នេះដែរ នាវេលាម៉ោង១២ថ្ងៃត្រង់ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ឌុយ សំណាង​ ភេទប្រុស អាយុ៤២ឆ្នាំ​ (ត្រូវជាអនុប្រធានភូមិជីប៉ាង) ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍ផ្លូវមាស នៃអធិការដ្ឋានគរបាលស្រុករតនមណ្ឌល​ ថាគេបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ ប្រភេទគ្រាប់ត្បាល់ ៦០mm​ ចំនួន០១គ្រាប់ដែរ នៅចំណុចបឹងថ្មក្រោយភូមិជីប៉ាងដីចម្ការ របស់ឈ្មោះ អឿន គឹមហៀង ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ក្រោយទទួលព័ត៌មាននេះសមត្ថកិច្ចជំនាញទៅបោះសញ្ញាសម្គាល់ចំណាំមិនឲ្យប្រជាពលរដ្ឋចូលជិតព្រោះខ្លាចគ្រោះថ្នាក់និងបានរាយការណ៍ជូនអង្គភាពកម្ចាត់មីនស៊ីម៉ាក់ភ្លាមៗផងដែរ។

ដោយឡែកនៅខេត្តកំពង់ស្ពឺឯណោះវិញកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះដែរ កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន សហការជាមួយអង្គការ ស៊ីម៉ាក់(CMAC) បានយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សរុបចំនួន០៦គ្រាប់នៅភូមិសាស្ដ្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួមមានៈ គ្រាប់DK ៨០ម.ម០១គ្រាប់, គ្រាប់ DK៨១ម.ម ០១គ្រាប់, គ្រាប់DK ៨២ម.ម ចំនួន១គ្រាប់, ក្បាលគ្រាប់ ផ្លោងចំនួនគ្រាប់, គ្រាប់១០៥ម.ម ០១នឹង១០៧ម.ម ០១គ្រាប់ ត្រូវបានយកទៅរក្សាត្រៀមកម្ទេចចោល ។

មន្តីនគរបាលជំនាញអះអាងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះបានបន្សល់ទុកពីសម័យសង្រ្គាមមកម្ល៉េះ។

ជាមួយនេះអាជ្ញាធរមូលដ្ឋានបានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ ។

បច្ចុប្បន្ន​ មន្រ្តីជំនាញនៃអង្គភាពស៉ីម៉ាក​ CMAC បានពិនិត្យ និងហ៊ុំព័ទ្ធចំណុចនោះទុកដេីម្បីធ្វេីការស្រាវជ្រាវបន្តទៀត ព្រមទាំងត្រៀមកម្ទេចចោលនៅនឹងកន្លែងតែម្តង៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖