ភ្នំពេញ៖ ដោយមានភាពទទួលខុសត្រូវ និងអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនមន្រ្តីរាជការ និង ប្រជាពលរដ្ឋនៅមណ្ឌលសុខភាពសំរោង ដែរស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញជាមួយនឹងមន្ត្រីក្រោមឱវាទជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ថា៖ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជា
ពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២ គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសបានសរុបចំនួន ២,៧៧០,៦១១នាក់ និងសម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន២៧.៧១%។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអះអាងថា ក្រុមគ្រូពេទ្យកម្ពុជានឹងចាក់វ៉ាក់សាំងទាំង២ដូសដល់ពលរដ្ឋនៅភ្នំពេញឱ្យអស់នៅត្រឹមខែកក្កដា ឆ្នាំ ២០២១៕
ដោយ៖ សិលា