ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសុិនទ្រីបេីកកៀរនិងកិនម៉ូតូមួយគ្រឿងខូចខាតយ៉ាងដំណំ​ សំណាងម្ចាស់ម៉ូតូលោតចេញទាន់

ចែករំលែក៖

      ភ្នំពេញ​ ៖​ បុរសម្នាក់បានលោតចេញពីម៉ូតូយ៉ាងប្រញាប់​ ខណៈឃេីញរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីបើកមកពីក្រោយបត់ស្ដាំដៃហេីយកៀរម៉ូតូរបស់គាត់​ ព្រមទាំងកិនបន្ថែមបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៨​ នឹង៤០នាទីព្រឹក​ ថ្ងៃទី១០ខែមិថុនា​ ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅ(ហៅផ្លូវវេស្រេង)ត្រង់ចំណុចស្តុបសេះមាសកែងនឹងផ្លូវឌួង​ ងៀប សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ 

      យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរី២០១២​ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BD-7903ជិះដោយបុរសម្នាក់ធ្វើដំណើតាមបណ្ដោយវិថីចោមចៅ​ ទិសដៅពីកើតទៅលិចខណ:មកដល់ចំណុចកើតហេតុខាងលើស្របពេលមានរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុនសុិនទ្រីមួយគ្រឿងពណ៌លឿងគ្មានស្លាកលេខ មានលេខសម្គាល់៤៣៩ បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាបានបត់ស្ដាំដៃមិនប្រយ័ត្នកៀរហើយកិនម៉ូតូកង់ក្រោយរថយន្តបណ្ដាលឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំ សំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់មិនបង្កឲ្យមានអ្នករបួសនោះឡេីយ​ ។ 

    ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍ធ្វើការបាញ់ថ្នាំយកម៉ូតូនិងរថយន្តអែបខាងផ្លូវបញ្ចៀសការកកស្ទះចរាចរណ៍និងទុកពេលឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នា បន្ទាប់ពីតំណាងក្រុមហ៊ុនសុិនទ្រីមកដល់ធ្វើការសម្របសម្រួលគ្នាព្រមចេញសំណងជួសជុលចំនួន៧០ដុល្លារ​ ដើម្បីបញ្ចប់រឿង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖