ភ្នំពេញ៖ គេពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅមុននេះខណៈដែលគេឃើញរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀងប្រចាំផលិតកម្មGalaxy Navatra កញ្ញា តន់ ច័ន្ទសីម៉ា ថតជាមួយនឹង តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ខេមរៈ សិរីមន្ត ដោយរូបភាពនោះ បានបង្ហាញថា ពួកគេកំពុងតែធ្វើការងារធំមួយជាមួយគ្នាជាលើកដំបូង។តាមការណ៍ពិតពួកគេកំពុងតែថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលស្រាបៀរមួយ។
កញ្ញា តន់ ច័ន្ទសីម៉ា បានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងថា៖ « ថ្ងៃនេះបំពេញការងារជាមួយលោកពូ ខេមរៈ សិរីមន្តជាលើកដំបូង សូមផ្ញើក្ដីនឹករលឹកដល់ពុកម៉ែ បងប្អូនផង។ បងប្អូនទាយមើលថា សីម៉ាអាយុតិចជាងគាត់ប៉ុន្មានឆ្នាំ? » ដែលសំណួរនេះធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា និងសរសើរពីសំណាងរបស់តារាចម្រៀងស្រីរូបនេះដែលមានរាសីឡើងខ្ពស់ព្រោះតែក្រោយពីឆក់បានឱកាសច្រៀងរួមគ្នាជាមួយតារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជា គឺលោក ព្រាប សុវត្ថិហើយស្រាប់តែពេលនេះយីអ៊ុនឡើងស្រឺតៗបានរួមការងារថ្មីជាមួយលោក ខេមរៈ សិរីមន្តទៀត។ ដើមឡើយជំនួបរវាងសិល្បកររៀមច្បង នឹងសិស្សប្អូនខាងលើត្រូវបានគេសង្ស័យថាអាចជាការផលិតបទចម្រៀងរួមគ្នា ហើយក៏មានអ្នកខ្លះសង្ស័យដែរថា ខេមរៈ សិរីមន្ត អាចនឹងចូលមកច្រៀងក្នុងផលិតកម្មGalaxy Navatra ប៉ុន្តែតាមការបញ្ជាក់របស់ប្រភពដែលកៀកកិតជិតពួកគេបានបញ្ជាក់ហើយថាគឺមិនអាចទៅរួចនោះឡើយ ហើយការជួបគ្នាលើកដំបូងនេះមិនមែនជាការថតចម្រៀងឆ្លើយឆ្លងនោះឡើយ គឺជាការសម្តែងឈុតផ្សព្វផ្សាយរបស់ស្រាបៀរមួយតែប៉ុណ្ណោះ។ ប្រភពបង្ហើបថា ជារឿងប្លែកដែលផលិតករ និងម្ចាស់ផលិតផលបានជ្រើសរើសយកពួកគេមកជួបគ្នា ខណៈដែលកន្លងទៅលោក ខេមរៈ សិរីមន្តក៏ធ្លាប់បានថតឱ្យផលិតផលនេះម្តងរួចមកហើយដែរ ។
សម្រាប់តម្លៃខ្លួននៃការថតរបស់អ្នកទាំងពីរមិនទាន់បានទម្លាយនៅឡើយទេ ប៉ុន្តែប្រាកដណាស់គឺអាចនឹងខ្ពស់ឆ្ងាយពីតារាដទៃ ព្រោះតែកន្លងមកអ្នកណាក៏ដឹងថាលោក ខេមរៈ សិរីមន្តជាតារាជួរមុខនិងមានតម្លៃខ្លួនខ្ពស់ ខណៈដែល តន់ ចាន់សីម៉ា ក៏ធ្លាប់ត្រូវបានផលិតកម្មលើកឡើងអំពីតម្លៃខ្លួនខ្ពស់កប់ពពកនោះផងដែរ។ ពេលនេះតន់ ចាន់សីម៉ា អាចហក់តោងចាប់សម្តែងរួមគ្នាជាមួយតារាលំដាប់ជួរមុខ ឬGrade Aបានទៀតគឺពិតជាមិនធម្មតានោះឡើយ ហើយឱកាសនេះក៏នឹងអាចធ្វើឲ្យកម្រិតនៃកេរ្តិ៍ឈ្មោះរបស់នាងកាន់តែខ្ពស់ផងដែរ៕
ដោយ ៖ វឌ្ឍនា