ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមប្រឹក្សារាជធានីគាំទ្រសកម្មភាព វិធានការរបស់អាជ្ញាធរក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩និងការអភិវឌ្ឍនៅមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ចំពោះលទ្ធផលការងារដែលសម្រេចបានរបស់អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ១ខែឧសភានេះគឺអាជ្ញាធររាជធានីភ្នំពេញបានបំពេញការងារយ៉ាងល្អលើការខិតខំរិះរកគ្រប់វិធានការដើម្បីទប់ស្កាត់ប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ការរារាំងបង្ក្រាបករណីល្មើស វិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ជាមួយនឹងការងារអភិវឌ្ឍន៍មូលដ្ឋានបានយ៉ាងល្អប្រសើរផងដែរ ។

  ការកោតសរសើរខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាលារាជធានី ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

   លោកប៉ា សុជាតិវង្ស មានប្រសាសន៍លើកឡើងថា៖ ការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញប្រចាំខែឧសភា ឆ្នាំ២០២១នេះ ឃើញថាមានលក្ខណៈល្អប្រសើរ ដែលទទួលបាននូវការកោតសរ

សើរយ៉ាងខ្លាំងពីក្រុមប្រឹក្សារាជធានី ដោយក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំរិះរកគ្រប់វិធានការទប់ស្កាត់ ប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អគួរជាទីមោទនភាព។ ការងារកិច្ចការច្បាប់ និងសិទ្ធិមនុស្ស រដ្ឋបាលរាជធានីបានខិតខំប្រឹងប្រែងអនុវត្តការងារបានច្រើន និងកាន់តែប្រសើរឡើង។ បានរៀបចំគ្រប់គ្រងជនរងគ្រោះក្នុងមណ្ឌលបានល្អប្រសើរ ជាពិសេសការចូលរួមទប់ស្កាត់បង្ការការរីករាលជំងឺកូរីដ-១៩ និងការអប់រំបណ្ដុះបណ្ដាល។ ជាមួយនោះបានខិតខំរារាំងបង្ក្រាបករណីល្មើសវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាលបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ 

   ចំពោះការងារសមាគមមនុស្សចាស់វិញ រដ្ឋបាលរាជធានីបានធ្វើសកម្មភាពក្នុងខែនេះបានយ៉ាងល្អ ដោយបានរំលេចចេញនូវសកម្មភាពការងារក្នុងខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ។ 

   ក្នុងនោះលោកប៉ា សុជាតិវង្ស បានមានប្រសាសន៍បន្តទៀតថា៖ បើទោះបី ស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ដែលត្រូវបានបិទខ្ទប់ក៏ដោយ ក៏រដ្ឋបាលរាជធានីនៅបានអនុវត្តការងារបានយ៉ាងរលូនផងដែរ ដូចជា ការលុបសំបុកមាន់ផ្លូវAC, ការងារអណ្តូង, ជួសជុលគម្របអណ្តូងលូ, ការសម្អាត ស្តារសំរាមចេញពីស្ថានីយ បូមទឹកជាដើម៕

ដោយ ៖ សំរិត


ចែករំលែក៖