ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចាប់ផ្ដើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាក ផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកក្នុងជីវភាព, និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈហើយ ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំ Group Telegram មួយដែលមានឈ្មោះថា “ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់” សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់ ក៏ដូចជាសំណូមពរទាក់ទងជុំវិញការអនុវត្ត “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់»នេះផងដែរ។
រដ្ឋបាលរាជធានីសូមគោរពជម្រាបជូនសាធារណជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមេត្តាជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram មួយដែលមានឈ្មោះថា “ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់” សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់ ក៏ដូចជាសំណូមពរទាក់ទងជុំវិញការអនុវត្ត “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១” សូមសាកសួរមកក្រុមការងារដើម្បីផ្តល់ជូននូវចម្លើយតបទៅវិញ។
សូមបងប្អូនចូលរួមក្នុង GROUP នេះ ដោយចុចនូវ link ដូចខាងក្រោម៖
ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ :
https://t.me/pphall2 ។
បើយោងតាមសារលិខិតរបស់រាជរដ្ឋាភិបាល គឺ
សារលិខិត ស្តីពី ការចាប់ផ្ដើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្រោម “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាក ផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នកជីវភាព, និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ បងប្អូនជនរួមជាតិទាំងអស់ជាទីស្រលាញ់ និងជាទីនឹករលឹក ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមជម្រាបជូនជនរួមជាតិទាំងអស់ឱ្យ បានជ្រាបថា រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃនេះតទៅ ជូនប្រជាពលរដ្ឋ និងគ្រួសារគោលដៅ ដូចតទៅ៖
១. ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្ត វិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ,
២. កម្មករ-និយោជិតដែលបម្រើការងារនៅតាមរោងចក្រ-សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ
៣. ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែក ជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព ដែលទទួលបានការសម្ភាស និងការបញ្ជាក់ពីអាជ្ញាធរ រួចហើយ និងកម្មករនិយោជិតដែលបម្រើការងារ នៅតាមរោងចក្រ-សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលទទួលបានការ បញ្ជាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងប្រជាពលរដ្ឋ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវិភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស អញ្ជើញទៅបើកសាច់ប្រាក់ នៅបញ្ជរវីងណាមួយដែលនៅជិតផ្ទះ ឬប្រើប្រាស់អែប (APP) របស់ធនាគារវីង ក្នុងទូរស័ព្ទ និងសូមអនុវត្ត វិធានការសុខាភិបាល ៣ កុំ ៣ ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅដែលមានការលំបាក ផ្នែកជីវភាព រស់នៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ហើយមិនទាន់ត្រូវបានកំណត់ អត្តសញ្ញាណនៅឡើយ សូមមេត្តារួសរាន់ក្នុងការទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ក្នុងតំបន់ដែលបងប្អូនកំពុង រស់នៅ ដើម្បីស្នើសុំការសម្ភាស និងកំណត់អត្តសញ្ញាណ នៅតាមឃុំ សង្កាត់ ក្នុងរយៈពេលមួយសប្តាហ៍ ដោយគិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះ នៅជំហានបន្ទាប់។
សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបានប្រាក់ឧបត្ថម្ភនេះ សូមទំនាក់ទំនង ឃុំ សង្កាត់ ដែលនៅជិតផ្ទះបងប្អូន ឬក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈទូរសព្ទលេខ ០១៥ ២១៩ ៨៨៨៕
ដោយ ៖ សំរិត