នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១នេះ យន្តហោះយោធាមួយគ្រឿងបានធ្លាក់នៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំទីពីរនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
តាមប្រភពព័ត៌មានពីក្រុមជួយសង្គ្រោះមីយ៉ាន់ម៉ាបានឱ្យដឹងថា មានមនុស្ស១២នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់នោះ។
ក្នុងពេលជាមួយគ្នានោះដែរ សារព័ត៌មាន Stars Post បានផ្សាយថា យន្តហោះយោធា មាន១៦កៅអីបានដាំក្បាលចុះបុកចំកណ្តាលរោងចក្រអគ្គិសនីនិងរោងចក្រដែកថែបស្ថិតនៅតំបន់ Pyin Oo Lwin ក្នុងទីក្រុង Mandalay ។ កម្លាំងសន្តិសុខបានទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីត្រួតពិនិត្យស្ថានភាពនិងជួយសង្គ្រោះ ។
មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ពីគ្រោះថ្នាក់ខាងលើ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់និងរបួសច្បាស់លាស់នោះឡើយ ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិផ្សេងទៀត។ នៅពេលនេះគេមិនទាន់ដឹងថាមានមនុស្សនៅលើដីស្លាប់ដែរឬយ៉ាងណានោះទេ ។
តាមសាក្សីនៅក្នុងតំបន់បានឱ្យដឹងថា អាកាសយានិកម្នាក់និងអ្នកដំណើរម្នាក់នៅមានជីវិតហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។
ចំពោះមូលហេតុដែលបណ្តាលឲ្យធ្លាក់យន្តហោះនោះនៅមិនទាន់ដឹងនៅឡើយទេ។ នេះជាករណីគ្រោះថ្នាក់យន្តហោះយោធាលើកទីពីរហើយ ដោយកាលពីឆ្នាំ ២០១៧ ក៏មានករណីគ្រោះថ្នាក់យន្តហោះ Y-8F-200 សម្លាប់មនុស្ស ១២២នាក់ផងដែរ៕
ដោយ៖ ធីរីណា(រូបភាព៖AP)