ភ្នំពេញ ៖ មានប្រសាសន៍អញ្ជើញត្រួតពិនិត្យមើលសកម្មភាព នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅក្នុងខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងថា នាពេលប្រទេសកម្ពុជា វិលត្រឡប់ទៅរកភាពធម្មតាវិញ បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវភ្លេចនូវការរស់នៅតាមបែបគន្លងថ្មីដែរ។
លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន បានមានប្រសាសន៍ទៀតថា សូមបងប្អូនក្នុងខណ្ឌព្រែកព្នៅទាំងអស់មកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ព្រោះវ៉ាក់សាំងការពារវីរុសកូវីដ-១៩ គឺជួយក្នុងការបង្កើតនូវកងការពារ ដើម្បីកាត់បន្ថយបានជាអតិបរមានូវភាពធ្ងន់ធ្ងរ ពីការវាយលុករបស់វីរុសកូវីដ-១៩ ហើយក៏កាត់បន្ថយបានជាអតិបរមានូវអត្រាចូលសម្រាកពេទ្យ និងអត្រាមរណភាព។
លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា គម្រោងនៃដំណើរ ការចាក់វ៉ាក់សាំងនេះ គឺជាការសម្រេចដ៏ឈ្លាសវៃ និងត្រឹមត្រូវបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាសុវត្ថិភាព សុខភាពជូនប្រជាពលរដ្ឋកុំឱ្យជំងឺកូវីដ-១៩ ដ៏កាចសាហាវ។
ក្នុងនោះផងដែរលោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលដែលស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា វិលត្រឡប់ទៅរកភាពធម្មតាវិញ ក៏មិនត្រូវភ្លេចនូវការរស់នៅតាមបែបគន្លងថ្មីដែរ ដើម្បីចូលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គមជាតិកម្រើកឡើងវិញ និងធ្វើឱ្យសេដ្ឋកិច្ចមានកំណើនឡើងវិញ។
សូមបញ្ជាក់ថា ក្នុងការអញ្ជើញត្រួតពិនិត្យមើលសកម្មភាព នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងខណ្ឌព្រែកព្នៅនេះផងដែរក៏មានការអញ្ជើញអមដំណើរដោយ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងមន្ត្រីរាជការជាច្រើនទៀតផងដែរ អញ្ជើញត្រួតពិនិត្យមើលចំនួន៣កន្លែង ទី១-មណ្ឌលសុខភាពសំរោង ក្នុងសង្កាត់សំរោង ទី២-វិទ្យាល័យបឹងប្រីយ៍ ក្នុងសង្កាត់ពន្សាំង និងទី៣-មណ្ឌលសុខភាព ក្នុងសង្កាត់គោករកា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
ដោយ ៖ ព្រែកសំរោង