ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ឃាត់​មនុស្ស​៧នាក់ដែលប្រមូលផ្តុំគ្នាលួចលេងល្បែងនិងករណីរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ សមត្ថកិច្ច​ចម្រុះខេត្ត​កំពង់ចាម​បានចុះបង្ក្រាបក្រុមមនុស្សដែលប្រមូលផ្តុំគ្នាលួចលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀភ្នាល់ដាក់ប្រាក់) នៅចំណុច​ចម្ការ​ស្វាយ ស្ថិតក្នុងភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម​ នៅ​វេលា​ម៉ោង១៤និង៣០​នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។ 

   កិច្ច​សហការ​បង្ក្រាប​ចូលរួមដោយកម្លាំងជំនាញរបស់ផែនការងារនគរបាល​ព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកង​មាស និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការ​នេះមានការសម្របសម្រួលនីតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។ 

   លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានមានប្រសាសន៍ឱ្យដឹងថា​ បន្ទាប់ពីទទួល​បាន​បណ្តឹងពីប្រជាពលរដ្ឋភ្លាម​ លោកបា​ន​បញ្ជាដល់កម្លាំងជំនាញចុះបង្ក្រាបការ​ប្រមូលផ្តុំមនុស្សដែលលេងល្បែងស៊ីសងនៅ​ទីតាំង​ខាងលេីនេះ​ ។ លោកថា​ អ្នកទាំង​អស់នេះ​បានរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនិង​ សម្លាប់មនុស្សច្រេីននាក់ហេីយមក​ ទល់នឹង​បច្ចុប្បន្ន​នេះ​ ។ 

  លោកឧត្តមសេនីយ៍ស្នងការបានបន្តថា​ ជាលទ្ធផលកម្លាំង​សមត្ថកិច្ច​បានបង្រ្កាបនិងចាប់ឃាត់ខ្លួនបានមុខ​សញ្ញាចំនួន៧នាក់ដូចខាងក្រោមនេះ​ ៖

   ១.ឈ្មោះ ហ៊ុន ចាន់ផន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ​ រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។

   ២.ឈ្មោះ សេង សុខណៃ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ​ រស់នៅភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

   ៣.ឈ្មោះ ជា ណារី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ​ រស់នៅភូមិពោធិ៍សាលាទី១ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

  ៤.ឈ្មោះ ហួយ រស្មី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ​ រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។

  ៥.ឈ្មោះ គឹម ដានី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ​ រស់នៅភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។

  ៦.ឈ្មោះ ថេង សេង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ​ រស់នៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

  ៧.ឈ្មោះ ស្រ៊ី ប៊ុនហេង ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ​ រស់នៅភូមិពោធិ៍សាលាទី១ ឃុំព្រែក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

   លោកឧត្តមសេនីយ៍ស្នងការបានឱ្យដឹងបន្ថែមថា ក្រៅពី​ការ​ចាប់​ឃាត់​ខ្លួន​កម្លាំង​សមត្ថកិច្ច​បានចាប់ដកហូតវត្ថុតាងរួមមាន៖​ បៀនីឡុងចំនួន០២ហ៊ូ (១ហ៊ូ៥២សន្លឹក)​, កម្រាលក្រាលលេងបៀចំនួន០១​, ចានទ្រអាប៉ោងចំនួន០១​, សៀវភៅកត់លេខឆ្នោតចំនួន០១ក្បាល​, ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន១៤សន្លឹក​, ទូរស័ព្ទ​ដៃចំនួន០៤គ្រឿង, ម៉ូតូចំនួន០៣គ្រឿង​, ប្រាក់រៀលចំនួន១,៣៥០,០០០រៀល (មួយលានសាមប្រាំម៉ុឺនរៀល)​, ប្រាក់ដុល្លារចំនួន ៥០$ (ហាសិបដុល្លារអាមេរិក)។

  លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា​ ចំពោះ​ជនសង្ស័យចំនួន០៧នាក់ខាងលើ រួមនឹងវត្ថុតាង​ លោកឱ្យបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី និងត្រៀមបញ្ជូនពួកគេទៅសាលាដំបូងខេត្តកំពង់ចាម ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖