ព័ត៌មានទាន់ហេតុការណ៍៖

កសិករភ្ជួរដីចម្ការប្រទះឃើញវត្ថុសិល្បបុរាណ យកមកប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កសិករពីរនាក់ប្តីប្រពន្ធខណ:ភ្ជួរដីចម្ការដោយត្រាក់ទ័រនៅក្បែរប្រាសាទតាស្រី ក្នុងភូមិតាអុងលិចឃុំស្វាយចេក ស្រុកស្វាយចេក ស្រាប់តែបានប្រទះឃើញវត្ថុសិល្បបុរាណធ្វើពីលោហធាតុចំនួន១៧ដុំ/រូប រួចបាននាំគ្នាយកទៅប្រគល់ជូនដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ដើម្បីរក្សាទុកជាសម្បត្តិជាតិ។

ប្រជាកសិករ២នាក់ប្តីប្រពន្ធនេះមាន ឈ្មោះ មិ តឿ ភេទប្រុសអាយុ៣៥ឆ្នាំ (ជាប្តី)និងប្រពន្ធឈ្មោះ ហល់ សុភៀន អាយុ៣៩ឆ្នាំ នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក។ពួកគាត់ បានយកត្រាក់ទ័រទៅភ្ជួរដីចម្ការ នៅចំណុចអូរត្រៀល នៅខាងលិច ឈាងខាងជើងភូមិតាអុងលិចចម្ងាយ៣គីឡូម៉ែត្រ  កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ម្សិលមិញ  ស្រាប់តែបានប្រទះឃើញវត្ថុសិល្បបុរាណធ្វើពីលោហធាតុចំនួន១៧ដុំ/រូប។ ក្រោយមកពួកគាត់បានប្រមូលយកទៅប្រគល់ជូនអាជ្ញាធរ និងប្រគល់បន្តដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ។ ពេលនោះមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានពិនិត្យនិងចុះបញ្ជីដើម្បីរក្សាទុកនៅសារមន្ទីរសហគមន៍នាស្រុកស្វាយចេកនោះតែម្តង ។

 លោក លឿង  សុភក្តិ អភិបាលស្រុកស្វាយចេកនិងលោកដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក បានធ្វើពិ​ធី​ប្រគល់ទទួលវត្ថុសិល្បៈបុរាណពីកសិករទាំង២នាក់នោះហើយ ។

 លោកនិយាយថា នៅព្រឹកថ្ងៃទី១០ខែមិថុនា២០២១ កសិករខាងលើបានបើកត្រាក់ទ័រភ្ជួរដីចម្ការដាំដំឡូងមី។ ក្នុងការភ្ជួរដីនេះដែរពីដំបូងក៏ប្រទះឃើញក្រឡ(កុលាភាជន៍)មួយចំនួន ។បន្តាប់មក ក៏ឃើញវត្ថុសិល្បៈបុរាណធ្វើលោហៈ  ហើយក៏ភ្ញាក់ផ្អើលឡើងដល់អ្នកភូមិឯទៀត បាននាំគ្នាធ្វើការអុជធូបទៀនបន់ស្រន់គោរពជាទីសក្ការៈ ។

ដោយឮខ្ចរខ្ចាយបែបនេះ  ទើបកសិករទាំង២នាក់បានស្ម័គ្រចិត្តប្រគល់​វត្ថុបុរាណទាំងនេះជូនអាជ្ញាធរដែនដី និងមន្ទីរជំនាញដើម្បីកុំឲ្យធ្លាក់ទៅដល់ដៃឈ្មួញ (អ្នករកស៊ីទិញ លក់ រត់ពន្ធវត្ថុសិល្បៈ​បុរាណ)  ។

លោក យង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យរួមជាមួយអនុប្រ​ធាន មន្ត្រីជំនាញបុរាណវិទ្យានិងលោកតាន់ ប៊ុនមីន អនុប្រធានការិយាល័យសង្គមកិច្ច សុខុមាលភាពវប្បធម៌ សាសនា កិច្ចការនារីនិងជាប្រធានសារមន្ទីរស្វាយចេក បានពិនិត្យ និងចុះបញ្ជីវត្ថុសិល្បៈទាំងនោះ ហើយអះអាងថា វត្ថុបុរាណទាំងនេះអាចមានអាយុកាលចំណាស់ក្នុងស.វទី១០ទៅ១១ ។

វត្ថុសិល្បៈបុរាណទាំងនោះ មាន ១៧ដុំ/រូបធ្វើពីលោហធាតុ  ក្នុងនោះមាន១/ ពុម្ពចាក់ព្រះ ចំនួន២ ។២/កណ្តឹង(ត្រួយ) ចំនួន២ ។ ៣/កង ចំនួន៩ ។៤/ ទេឥវរូបស្រី  ចំនួន១ ។៥/ទេវរូបប្រុស ចំនួន១ ។៦/ពុទ្ធរូបប្រក់នាគ ចំនួន២ និង៧/និង ដុំសំណ ចំនួន១០ដុំ(តូចៗ) ។

ជាមួយគ្នានោះដែរមន្ត្រីអាជ្ញាធរបានថ្លែងអំណរគុណពលរដ្ឋល្អ ដែលបានរកឃើញនិងប្រគល់វត្ថុសិល្បៈបុរាណមកអាជ្ញាធរដែនដីនិងជំនាញវប្បធម៌ដើម្បីរក្សាទុកមិនឲ្យបាត់បង់។​នេះជាស្មារតីស្នេហាមរតកវប្បធម៌ បេតិកភ័ណ្ឌ  សិល្បៈនិងអត្តសញ្ញាណជាតិខ្មែរ ។ ការទទួលវត្ថុបុរាណលើកនេះទៀត  នាំឲ្យសារមន្ទីរស្រុកស្វាយចេកទទួលយកទៅដាក់តាំងបន្ថែមកាន់តែកើនឡើង លើវត្ថុសិល្បៈបុរាណដែលទទួលពីពលរដ្ឋ    ពីសមត្ថកិច្ចកងកម្លាំងពីមុខសញ្ញាផ្សេងទៀតនាពេលកន្លងមក ដែលមានចំនួន៥២៦ដុំ /រូប /បន្ទះហើយ  ​៕

ដោយ ៖ វណ្ណា

 


ចែករំលែក៖