ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តកំពង់ចាម សូមជំរាបជូនដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានឲ្យដឹងថាបុរសជាតិខ្មែរ ឈ្មោះ ឈិន វ៉ា អាយុ ៣៨ឆ្នាំ ជាកសិករ រស់នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៥.០០នាទី បុរសរូបនេះ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយ រោគវិនិច្ឆ័យលើសឈាម។
នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ធ្វើតេស្តរកមេរោគកូវីដ-១៩ លទ្ធផលវិជ្ជមាន កូវីដ-១៩។ បុរសរូបនេះ ត្រូវបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ដោយសារបុរសរូបនេះ មានប្រវត្តិលើសឈាម ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺ បានស្លាប់បាត់បង់ជីវិតនៅ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៣:០០នាទីទៀបភ្លឺ។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ ឈ្មោះ ឈិន វ៉ា អាយុ៣៨ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ និងមានជំងឺលើសឈាមរ៉ាំរ៉ៃ។ រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ សិលា