ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល៖ ក្រើនរំឭកអំពីការកើនឡើងជំងឺគ្រុនឈីកនៅកម្ពុជា និងវិធានការការពារខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានក្រើនរំឭក​ និងចេញសេចក្តីជូនដំណឹងស្ដីពីការកើនឡើងជំងឺគ្រុនឈីក ក្នុងប្រទេសកម្ពុជា។

ជាក់ស្ដែង​នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ បានបញ្ជាក់ថា​ សូមគោរពសូមជម្រាបសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ពីស្ថានភាពជំងឺគ្រុនឈីក នៅកម្ពុជាគិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ មានដូចខាងក្រោម៖

១៖ ស្ថានភាពជំងឺគ្រុនឈីក

យោងតាមប្រព័ន្ធអង្កេត តាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ បានបញ្ជាក់ថា ជំងឺគ្រុនឈីក គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ មានករណីសង្ស័យជំងឺគ្រុនឈីក ៥១៤នាក់ ត្រូវបានរាយការណ៍ តាមរយៈប្រព័ន្ធឃ្លាំមើល ជំងឺគ្រុនឈាមពីចំនួន១៣ ដែលក្នុងនោះ ៨៦% នៃករណីទាំងនេះ មកពីខេត្តរតនគិរី មណ្ឌលគិរី បាត់ដំបង និងខេត្តក្រចេះ។

ការចម្លងជំងឺគ្រុនឈីក មានសមាមាត្រខុសគ្នា តាមក្រមអាយុ និងយោងតាមរបាយការណ៍ បានបញ្ជាក់ថា ៦៤,៥២% (៣៣១នាក់) ជាមនុស្សពេញវ័យ ២៦,៧១% (១៣៧នាក់) ជាកុមារ និង ៨,៧៧% (៤៥នាក់) ជាកុមារអាយុក្រោម៥ឆ្នាំ។ គួរកត់សំគាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន ៤៩,៤២% (២៦០នាក់) និងភេទប្រុសដែលមាន ៥០,៥៨% (២៥៤នាក់)។ អ្នកជំងឺ ១០០% ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់បានជាសះស្បើយ និងមិនមានករណីស្លាប់ទេ។

លទ្ធផលធ្វើការសិក្សាបាណកសាស្រ្ត បានបង្ហាញថា នៅក្នុងនិងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើលវត្តមានរបស់ដង្កូវទឹក បង្កើតជាមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាមមាន៣២ % ក្នុងពាងមូល និងក្នុងកំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កែវជ័រ សំបកង់ឡាន និងកង់ម៉ូតូដែលទុកចោលដក់ទឹក ។

២៖ វិធានការការពារជំងឺគ្រុនឈីក

ដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈឺក ដោយសារសត្វមូសខ្លាញីឲ្យកាន់តែមានប្រសិទ្ធភាពនោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ក្រើនរំលឹក ជំរុញនិងផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស តាមរយៈការអនុវត្តន៍នូវវិធានការដូចខាងក្រោម៖

វិធានការទី១៖ អាណាព្យាបាល មាតាបិតា កុមារាកុមារី គ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន ម៉ូតូសំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ្រ ត្រូវកប់ ឬ ដុត ឬ កំទេចចោល ឬ ទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។

វិធានការទី២៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សំលៀកបំពាក់ក្នុងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។ អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង ដេកក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ។

វិធានការទី៣៖ ករណីមានរោគសញ្ញាក្តៅខ្លួនលើសពី ៣៨ អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតហើយ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈីកនេះឲ្យសោះ។

វិធានការទី៤៖ គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវចាត់ចែងការផ្តល់សេវា និងកន្លែងសម្រាកព្យាបាលជំងឺគ្រុនឈីក នៅក្នុងមន្ទីរពេទ្យឲ្យបានល្អ និងត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងទៀត ក្នុងករណី ដែលមានអ្នកជំងឺគ្រុនឈីកច្រើនហួសសមត្ថភាពនៅក្នុងមន្ទីរពេទ្យណាមួយ ដោយមិនទុកឲ្យមានការយឺតយ៉ាវក្នុងការទទួលបាននូវសេវាពិនិត្យ និងព្យាបាលឡើយ៕

ដោយ​៖សហការី​


ចែករំលែក៖