ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ម៉ាឡេស៊ី ៖ សម្រេចបន្តវិធានការ Lockdown រយៈពេល ២សប្តាហ៍ទៀតរហូតដល់ថ្ងៃទី២៨ មិថុនា​ នៅទូទាំងប្រទេស

ចែករំលែក៖

អន្តរជាតិ​៖ បើ​តាម​ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិលោក Ismail Sabri Yaakob ប្រទេស​ម៉ាឡេស៊ី​ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រទី១១ ខែមិថុនា​ ឆ្នាំ​២០២១ថា៖​ បានសម្រេចអូសបន្លាយពេលវិធានការរឹតត្បិតលើការធ្វើដំណើររបស់ប្រទេសម៉ាឡេស៊ីដែលគេស្គាល់ថា MCO 3.0 នឹងត្រូវបន្តអនុវត្តរយៈពេល ០២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២៨ខែមិថុនា។បើតាមសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រទី១១ ខែមិថុនានេះដែរ​ បានដកស្រង់ចេញផ្សាយពី​រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានប្រកាសថា ចំពោះ​ការសម្រេចអូសបន្លាយពេលវិធានការ MCO 3.0 ត្រូវបានធ្វើឡើង ចំពេលដែលចំនួនករណីឆ្លងប្រចាំថ្ងៃនៅតែបន្តរកឃើញលើសពី ៥,០០០ករណីក្នុងមួយថ្ងៃ។គួរជម្រាបថា​ វិធានការ MCO កាលពីខែឧសភាកន្លងទៅ​ ត្រូវបានដាក់ចេញឲ្យអនុវត្តឡើងវិញនៅទូទាំងប្រទេសប្រទេសម៉ាឡេស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកឆ្លងជាលើកទី៣ នៃជំងឺកូវីដ១៩។​ ដោយឡែក​នៅក្រោមវិធានការដែលត្រូវបានគេស្គាល់ថា MCO 3.0 នេះ គ្រប់វិស័យសេដ្ឋកិច្ចត្រូវបានអនុញ្ញាតិឱ្យដំណើរការ ប៉ុន្តែរាល់ការធ្វើដំណើរឆ្លងកាត់ពីតំបន់មួយ និងពីរដ្ឋមួយទៅរដ្ឋមួយទៀត ក៏ដូចជាសកម្មភាពសង្គម កីឡា និងការអប់រំត្រូវបានហាមឃាត់៕

ដោយ​៖ស​ តារា​


ចែករំលែក៖