ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តដឹកទឹកកកទៅបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដីរួចបន្តទៅបុកចូលរោងជួសជុលម៉ូតូថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹកទឹកកកយ៉ាងលឿនបានរេចង្កូតទៅបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដី រួចបន្តទៅបុកចូលរោងជួសជុលម៉ូតូធ្វើឱ្យដួលរលំថែមទៀត តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០ នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-6861 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវហ្គ្រេនភ្នំពេញក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើង បាក់អស់មួយដើម ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុករោងជួសជុលម៉ូតូធ្វើឱ្យដួលរលំ តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួសទេ។ ចំណែកអ្នកបើករថយន្តត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាននៅកន្លែងកើតហេតុ ។

  បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ពិនិត្យជុំវិញកន្លែងកើតហេតុ ក្រោយមកក៏មានតំណាងរថយន្តចុះមកចរចាសងសំណងបង្គោលភ្លើង និងរោងជួសជុលម៉ូតូដើម្បីបញ្ចប់ រឿងនៅកន្លែងកើតហេតុ៕

ដោយ ៖ ជ្រោយពេជ្រ


ចែករំលែក៖