ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​អា​ហ្សង់​ទីន៖​ អ​នុម័ត​ឱ្យប្រើ​បន្ទាន់​នូវ​វ៉ាក់សាំង​រ​បស់​ក្រុមហ៊ុនចិន Cansino Biologics ​ចាក់​តែ​មួយ​ដូសប៉ុណ្ណោះ

ចែករំលែក៖

អន្តរជាតិ​៖​ ក្រសួង​សុខាភិបាល​​អា​ហ្សង់​ទីន​ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ នៅថ្ងៃ​សុក្រ​ទី​១១​ ខែមិថុនា​ ​ឆ្នាំ​២០២១ថា​ ខ្លួន​បាន​អនុម័ត​ឱ្យប្រើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩​ ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Cansino Biologics Inc ដោយ​ចាក់​តែ​មួយ​ដូសប៉ុណ្ណោះ។ ការប្រកាសបែបនេះ​ ក្នុង​គោលបំណង​ជួយ​ជំរុញ​ដល់​បណ្តុំ​វ៉ាក់សាំង​សំខាន់ៗ​របស់ខ្លួន ខណៈ​ដែលអា​ហ្សង់​ទីន​ កំពុង​​ប្រឈម​នឹង​រលក​ទី​ពីរ​នៃ​ជំងឺ​រាតត្បាត​ដ៏​សាហាវមួយនេះ ដែល​ធ្វើឱ្យ​មាន​ភាពស្មុគស្មាញ​ដល់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​របស់ខ្លួន​។

ជាក់ស្ដែង​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ក្រសួងសុខាភិបាល​អា​ហ្សង់​ទី​ន​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ការដឹក​វ៉ាក់សាំង​ចំនួន ៥,៤ លាន​ដូស ដោយ​បន្ថែម​ថា ការ​ចែកចាយ​នឹង “​ធ្វើឡើង​ភ្លាម​អាស្រ័យ​លើ​ពេល​ដែល​មាន​វ៉ាក់សាំង​”​។​

​សូមជម្រាបថា​ ប្រទេស​អា​ហ្សង់​ទីន នាពេល​បច្ចុប្បន្ន ដែល​មាន​ប្រជាជន​ចំនួន ៤៥ លាន​នាក់ កំពុង​រាយការណ៍​អំពី​ចំនួន​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ទី​បី​លើ​ពិភពលោក បន្ទាប់​ពី​ឥណ្ឌា​និង​ប្រេ​ស៊ីល នេះ​យោងតាម​ទិន្នន័យ​​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ ហើយ​បាន​កត់ត្រា​អ្នកស្លាប់​សរុប​ជិត ៨៥.០០០ នាក់ និង​ឆ្លងកូវី​ដ​ចំនួន ៤,១ លាន​នាក់​។​​គួរបញ្ជាក់ថា​ រហូត​មកដល់ពេលនេះ អា​ហ្សង់​ទី​ន​ បាន​ចាក់​ថ្នាំ​បង្ការ​យ៉ាងហោច​មួយ​ដូសដល់​ប្រជាជន​ចំនួន ១២,៦ លាន​នាក់ និង​ចាក់​ពីរ​ដូសដល់​ប្រជាជន ៣,២ លាន​នាក់ ដោយ​ល្បឿន​ចាក់​វ៉ាក់សាំង​បាន​កើនឡើង​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយសារ​ការ​ចែកចាយ​វ៉ាក់សាំង​បាន​បង្កើន​ល្បឿន​ផងដែរ​។ ដោយ​អា​ហ្សង់​ទី​ន​ ប្រើ​ការរួមបញ្ចូល​គ្នា​នៃ​វ៉ាក់សាំង Sputnik V ដែល​ផលិត​ដោយ​រុស្ស៊ី វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ឱសថ​ចិន Sinopharm និង​វ៉ាក់សាំង​មួយ​ផ្សេង​ទៀត​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន AstraZeneca និង​សាកលវិទ្យាល័យ​អក់​ស្វត៕ដោយ​៖ស​ តារា​

រូបថត​​៖CFP


ចែករំលែក៖