ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស រេចង្កូតបុករថយន្តហ៊ីយ៉ាន់ដាយរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្ត២គ្រឿងបុកគ្នា នៅក្រុងកំពង់ឆ្នាំង។

 ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១ និង ៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រ ៨៦-៨៧ ត្រង់ចំណុចមុខសួនឆ្នាំងមាស ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុនេះឈ្មោះ គង់ សុជាតិ ភេទប្រុស អាយុ៣៩ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅភូមិបំប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ ជាម្ចាស់រថយន្តឡិចស៊ីសនិងម្នាក់ទៀត ឈ្មោះ ឆៃ ឈុំ ភេទប្រុស អាយុ២៧ មុខរបរបើកបរ រស់នៅបច្ចុប្បន្នភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាឡិចស៊ីសRx 330 ពណ៌ស  គ្មានពាក់ស្លាកលេខ បើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើងនៅពេលមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូត ទៅបុករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C.១០៥៩ បើកបរច្រាសទិសគ្នាពេញមួយទំហឹង បណ្តាលឱ្យក្រឡាប់រងរបួសធ្ងន់និងស្រាល។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកយកមកសង្រ្គោះទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ចំណែកយានយន្តទាំង២គ្រឿងត្រូវយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ ៖ ចន្ថា


ចែករំលែក៖