សហគមន៍អឺរ៉ុបបានបើកទ្វារស្វាគមន៍អ្នកទេសចរមកពីអាមេរិក កាណាដា និងប្រទេសជាច្រើនជុំវិញពិភពលោក។ ការបើកទ្វារទេសចរណ៍គឺដើម្បីធ្វើឲ្យរស់ឡើងវិញនូវវិស័យឧស្សាហកម្មគ្មានផ្សែង។
ក្រោយរយៈពេលជាងមួយឆ្នាំបិទខ្ទប់ដោយកូវីដ-១៩ តំបន់អឺរ៉ុបបានចាប់ផ្តើមបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ ដោយសង្ឃឹមថានឹងទាក់ទាញអ្នកទេសចរជាច្រើនដែលចាក់វ៉ាក់សាំងរួច ទៅកម្សាន្ត សម្រាកកាយនៅអឺរ៉ុប ។ ប្រទេសជាច្រើនដែលមានករណីឆ្លងកូវីដ-១៩ច្រើនមានដូចជា បារាំង អេស្ប៉ាញ ក្រិច ព័រទុយហ្គាល់ អុីតាលីជាដើម ពេលនេះក៏បានបើកទ្វារសេដ្ឋកិច្ចស្វាគមន៍អ្នកទេសចរ។
ពេលថ្មីៗនេះ សភាអឺរ៉ុបបានសម្រេចបោះឆ្នោតដោយទទួលបានការគាំទ្រខ្ពស់ក្នុងការបើកទ្វារឲ្យអ្នកទេសចរដែលចាក់វ៉ាក់សាំងរួចរាល់ចូលកម្សាន្តនៅអឺរ៉ុបដោយមិនបាច់ធ្វើចត្តាឡីស័ក។ ការបើកទ្វារទេសចរណ៍ចាប់ផ្តើមនៅខែកក្កដាខាងមុខនេះ។
ប៉ុន្តែ ប្រទេសនីមួយៗក្នុងតំបន់អឺរ៉ុប គឺមានសិទ្ធិជ្រើសរើសផ្លូវផ្សេងគ្នាដើម្បីបើកទ្វារព្រំដែនស្វាគមន៍អ្នកទេសចរ។ នៅក្នុងប្រទេសបារាំង ប្រសិនបើអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់នូវប្រភេទវ៉ាក់សាំង ដែលអឺរ៉ុបទទួលស្គាល់ ដូចជា Pfizer, AstraZeneca, Moderna និង Johnson & Johnson ។ ដូច្នេះចំពោះពលរដ្ឋអាមេរិក អាចមកកាន់ប្រទេសបារាំងបានបើចាក់វ៉ាក់សាំងរួចរាល់។ ចំណែកពលរដ្ឋដែលមកពីប្រទេសរុស្ស៊ីនិងចិន ដែលមិនបានចាក់វ៉ាក់សាំង ៤ប្រភេទដែលអឺរ៉ុបកំណត់នឹងពិបាកចូលទៅកាន់តំបន់អឺរ៉ុប ក្នុងពេលនេះ៕
ដោយ៖ធីរីណា(រូបភាព៖ suckhoedoisong)