ខេត្តស្វាយរៀង៖ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញជួបសំណេះសំណាលនិងយកគ្រឿងឧបភោគបរិភោគប្រគល់ជូនប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារដែលកំពុងជួបការលំបាកខ្វះខាតដោយសារការរងផលប៉ះពាល់ជំងឺកូវីដ-១៩ នៅសង្កាត់ទាំង៥ក្នុងក្រុងបាវិតនាថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១។
លោកលី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិតបានថ្លែងថា ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកបាននាំយកនូវគ្រឿងឧបភោគបរិភោគមកចែកជូនដល់គ្រួសារកំពុងជួបការលំបាកខ្វះខាតដោយសាររងផលប៉ះពាល់ជំងឺកូវីដ-១៩ ចំនួន៣៧៥គ្រួសារស្ថិតនៅសង្កាត់ទាំង៥ ក្នុងក្រុងបាវិតរួមមាន ៖ សង្កាត់ច្រកម្ទេស ៣១គ្រួសារ, សង្កាត់ព្រៃអង្គញ់ ១៣២គ្រួសារ, សង្កាត់បាទី៥៣គ្រួសារ, សង្កាត់បាវិត៤៩គ្រួសារ និងសង្កាត់ប្រាសាទ ១១០គ្រួសារ។
លោកបន្តថា ក្រោមការសម្របសម្រួលមានអ្នកវិនិយោគិន និងសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេសបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែករំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងទទួលរងគ្រោះដោយសារកូវីដ-១៩។
លោកបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រុងបាវិតកំពុងជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩នេះ។
ការឧបត្ថម្ភជាស្បៀងនេះពិតជាបានឆ្លើយតបនឹងតម្រូវការចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្វះខាតក្នុងគ្រាដែលប្រទេសកំពុងជួបបញ្ហាបែបនេះ ហើយក៏ជាការបង្ហាញអំពីទឹកចិត្តដ៏សប្បុរស និងសន្តានចិត្តចូលរួមសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេស «ខ្មែរជួយខ្មែរ» ដើម្បីជួយជ្រោមជ្រែងទៅដល់ការឆ្លើយតបទៅនឹងវិធានការការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ផងដែរ។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគទាំងនោះរួមមាន អង្ករ ត្រីខកំប៉ុង មី និងទឹកត្រី ដោយមានការចូលរួមឧបត្ថម្ភពីបងប្អូនខ្មែរនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី តាមរយៈលោក សួន ខាលចាន់ខា, លោកស្រី កែ បូរី និងលោក គាំ រីបូន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារចុះជួយក្រុងបាវិត, ក្រុមហ៊ុន Khmer Times Media Group, លោក ហូ វុទ្ធី, លោក សាឡា អេអ៊ីសា និងកញ្ញា Narumon Rinruangsin នៃក្រុមហ៊ុន Modern Imp/Exp Co Ltd៕
ដោយ៖ យឹម សុថាន