ព័ត៌មានទាន់ហេតុការណ៍៖

សិប្បកម្ម​កែច្នៃដើម​ទ្រាំង​ នៅ​ស្រុក​ឆែប ជួយ​​ឱ្យ​ប្រជា​សហគមន៍ អាច​រកប្រាក់​ចំណូល​ប​ន្ថែ​ម សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ

ចែករំលែក៖

ខេត្តព្រះវិហារ​៖ ប្រជាពលរដ្ឋរស់នៅស្រុកឆែប​ ក្រៅពី​របរ​ធ្វើស្រែ​ចម្ការ​ បាន​ទាញយក​ផលប្រយោជន៍ ចេញពី​ដើម​ទ្រាំង​ដោយ​ច្នៃ​ចេញ ជា​ចង្កឹះ ផ្លែដាវ ឈើច្រត់ វែក​បាយ កន្ទេល ធ្នូ លក់​ចេញ​លើ​ទីផ្សារ​ក្លាយជា​របរ មួយ​បន្ថែមទៀត​ តាមរយៈ​ការធ្វើ​សិប្បកម្ម​កែច្នៃ ចេញពី​អនុផល​ព្រៃឈើ​ ដែល​ដកហូត​ចេញ ពី​ដែនជម្រកសត្វព្រៃ​ឆែប និង​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ។

ជាក់ស្ដែង​សិប្បកម្ម​កែច្នៃ ចេញពី​អនុផល​ព្រៃឈើនោះ​ មានដូចជា​សម្ភារៈ និង​វត្ថុ​អនុស្សាវរីយ៍ ប្រើប្រាស់​ផ្សេងៗ បង្កើតបានជា​មុខរបរ​បន្ថែម និង​ជួយ​ឱ្យ​ប្រជា​សហគមន៍ រស់នៅ​ភូមិ​សង្កែ ឃុំ​សង្កែ ស្រុក​ឆែប អាច​រកប្រាក់​ចំណូល​ប​ន្ថែ​ម សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់ ពួកគាត់​។​

​បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុង​ការដឹកនាំ​គណៈប្រតិភូ ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត​ព្រះវិហារ និង​ក្រុម​អ្នកសារព័ត៌មាន ទស្សនកិច្ច ស្វែងយល់ នៅ​តំបន់​ដែនជម្រកសត្វព្រៃ ព្រះ​រកា -​ឆែប ខេត្តព្រះវិហារ​ ​កាលពី​ថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ​២០២១ បានថ្លែង​ឱ្យដឹងថា៖ បច្ចុប្បន្ននេះ តាមរយៈ​ការអភិរក្ស និង កិច្ចការពារ បាន​នូវ​ធនធានធម្មជាតិ ព្រៃឈើ គឺ​ធ្វើឱ្យ​ប្រជាពលរដ្ឋ សហគមន៍ អាច​ទទួលបាន នូវ​អនុផល​ព្រៃឈើ ក្នុងនេះ​ដូចជា ដើម​ទ្រាំង ជាដើម​។ ដើម​ទ្រាំង សម្បូរ​នៅ​ដែនជម្រកសត្វព្រៃ ឆែប ដែល​ធ្វើឱ្យ​ពួកគាត់ អាចដកហូត ធ្វើការ​កែច្នៃ ជា​សម្ភារៈ​នានា ដើម្បី​លក់បាន ជា​ចំណូល​បំពេញបន្ថែម សម្រាប់​ជីវភាព​គ្រួសារ​។​

​លោក នេត្រ ភក្ត្រា បានថ្លែង​បន្ថែមទៀតថា​ ចំពោះ​ការចូលរួម​អភិរក្ស​ដើម​ទ្រាំង នេះ​ក៏​ជា​ផ្នែក​មួយ ជួយ​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់ របស់​ពលរដ្ឋ ក្នុងស្រុក ផងដែរ​។ ការថែរក្សា​បាន នូវ​ពូជ​ដើម​ទ្រាំង ជា​កិច្ចការ​មួយ​យ៉ាងសំខាន់ សម្រាប់​ប្រជាពលរដ្ឋ ដើម្បី​រក​ចំណូល​បន្ថែម សម្រាប់​ក្រុមគ្រួសារ តទៅ​ថ្ងៃ​ខាងមុខ យូរអង្វែង​ទៀត​។ ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន គឺជា​គោលនយោបាយ​មួយ របស់​រាជរដ្ឋាភិបាល ដើម្បី​បង្កើន​ជីវភាព ប្រជា​សហគមន៍ ពង្រឹង​ប្រសិទ្ធភាព នៃ​ការអភិរក្ស​ធនធានធម្មជាតិ ហើយ​អាច​កាត់ផ្តាច់​មុខរបរ ដែល​ពលរដ្ឋ មួយចំនួន តែងតែ​ប្រកាន់យក គឺ​ការចូល​ព្រៃ ដើម្បី​កាប់​ឈើ និង​បរបាញ់​សត្វ​។​

ដោយឡែក​ពាក់ព័ន្ធ​ក្នុង​រឿង​ដើម​ទ្រាំង ក៏ដូចជា សិប្បកម្ម​កែច្នៃ​សម្ភារៈប្រើប្រាស់​ផ្សេងៗ ពី​ដើម​ទ្រាំង​នេះ ​អ្នកនាំពាក្យរូបនេះ​ លោក​រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋ ដែល​បាននាំគ្នា​ដាំ​បន្ថែម​ប្រភេទ​ដើម ទ្រាំង សម្រាប់​បន្ត​ពូជ ក្នុងភូមិ ក្នុង​តំបន់ របស់​ពួកគាត់ បន្ថែម​លើ​អ្វី​ដែលមាន ក្នុងព្រៃ​ស្រាប់​»​។​ បន្ថែមពីនេះ​ លោក​រដ្ឋលេខាធិការ​ ក៏​បាន​អំពាវនាវ ដល់​ពលរដ្ឋ ចូលរួម​ការពារ និង​អភិរក្ស​ដើម​ទ្រាំង​នេះ ឱ្យបាន​គង់វង្ស ព្រោះ​ដើម​ទ្រាំង មានតម្លៃ​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ប្រពៃណី ទំនៀមទម្លាប់ និង​សម្រាប់​សេដ្ឋកិច្ច​។​

​បើតាមអ្នកស្រី ហឿន ឡា កំពុង​ឈរ​លក់​សម្ភារៈ ដែល​កែច្នៃ​ចេញពី​ដើម​ទ្រាំង ក៏បានឱ្យដឹងថា៖ ចាប់ពី​ក្រុមគ្រួសារ​អ្នកស្រី ចេះ​កែច្នៃ​ដើម​ទ្រាំង ចេញ​ជា​សម្ភារៈប្រើប្រាស់​មក ឃើញថា ជីវភាព​គ្រាន់​គាប់ប្រសើរ​ជាង​មុន​។ អ្នកស្រី​អាច​រក​ចំណូល​គ្រាន់​ដោះ ស្រាយ​ជីវភាព​ក្នុង​គ្រួសារ​។​

ចំណែកពាក់ព័ន្ធពី​ផលប្រយោជន៍ ដើម​ទ្រាំង​នេះ​អ្នកស្រី ទិ​ត្យ សុខុន រស់នៅ​ភូមិ​សង្កែ ឃុំ​សង្កែ ស្រុក​ឆែប ខេត្តព្រះវិហារ ក៏បានបញ្ជាក់ដែរថា​ អ្នកស្រី អាច​ប្រើប្រាស់​បាន​ច្រើន យ៉ាង​ណាស់ ទាំង​គម​វា ធ្វើ​ម្ហូប ស្លឹក​ប្រក់ផ្ទះ ធ្វើ​កន្ទេល និង​ដើម​វា​អាច​កែច្នៃ​ធ្វើ សម្ភារៈ ច្រើនបែប​យ៉ាង​ណាស់ នៅពេល​បច្ចុប្បន្ន​។​

​ជាមួយគ្នានេះ​ លោក មាស ហឿ ប្រធាន​ក្រុម​សហគមន៍​កែច្នៃ ចង្កឹះ​ទ្រាំង ស្រុក​ឆែប និងជាអ្នក​ផលិត​សម្ភារៈ​ដែល​កែច្នៃ ចេញពី​ដើម​ទ្រាំង មានឈ្មោះ​បោះ​សំឡេង​មួយរូប បានបញ្ជាកថា តាមរយៈ​ការកែច្នៃ​សម្ភារៈ ធ្វើ​ពី​ដើម​ទ្រាំង​នេះ គឺ​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ អាច​រកចំណូលបាន ក្នុង​មួយខែ ៥០ ម៉ឺន​រៀល ទៅ ៦០ ម៉ឺន​រៀល​។ ចំណូល​ទាំងនេះ អាចធ្វើឱ្យ​ពួកគាត់ គ្រាន់​ដោះស្រាយ​ជីវភាព និង​មិនចាំបាច់ ចូល​ព្រៃ​កាប់​ឈើ ឬ​បរបាញ់​សត្វ ដូច​កាលពីមុន​ឡើយ​។​

​ប្រធាន​ក្រុម​សហគមន៍​រូបនេះ​ បន្ថែមថា​ ពលរដ្ឋ​ក្នុង​តំបន់​នេះ គឺ​ដកហូត ធាង​ទ្រាំង ដែល​ចាស់ៗ មក​ប្រើ ក្នុងនេះ អាច​កែច្នៃ​ជា​សម្ភារៈ​ច្រើន​មុខ​។ សម្ភារៈ ទាំងនេះ លក់ដាច់​គួរសម ហើយ​ពេលខ្លះ សឹងតែ​ធ្វើ​មិនទាន់ ដែល​គេ​កុម្ម៉ង់​ផង​។​

​សូមជម្រាបថា ដើម​ទ្រាំង ជា​ប្រភេទ​រុក្ខជាតិ ពពួក​ត្នោត មាន​ដើម​ពណ៌​ខ្មៅ ដែលមាន​កំពស់​ពី ៦ ទៅ ២៥ ម៉ែត្រ​។ ដើម​ទ្រាំង ធាង​របស់​វា​វែងៗ ហើយ​ធំ ដោយ​គេ​អាច​យក​ធាង​ទាំងនោះ យកមក​កែច្នៃ ពុះ​ច្រៀក ធ្វើជា​ស្លឹក​រឹទ្ធ និង​អាច បិត​ធ្វើជា​ចង្កឹះ​បាន ព្រមទាំង​មានគុណ​ភាពល្អ និង​មាន​ព៌​ណ​ខ្មៅ​នៅពេលដែល យើង ប្រើប្រាស់​ប្រចាំថ្ងៃ​។​ ដោយយោងតាម​ឯកសារ​ស្រាវជ្រាវ ក៏បាន​បញ្ជាក់ដែរថា ដើម​ទ្រាំង វា​មាន​ផ្កា ផ្លែ តែ​ម្តងគត់ ក្នុង​មួយជីវិត វា​នឹង​ងាប់ បន្ទាប់ពី​ផ្កា​របស់​វា​ទុំ​។ នៅ​ប្រទេស​កម្ពុជា ដើម​ទ្រាំង ត្រូវបាន​គេ​ប្រទះឃើញ មាន​ដុះ​នៅក្នុង​ខេត្ត​មួយចំនួន ដូចជា​៖ ព្រះវិហារ ស្ទឹងត្រែង រតនៈគិរី ក្រចេះ ជាដើម​។

​គួរបញ្ជាក់ថា ជុំវិញបញ្ហានេះដែរ​ ប្រជាពលរដ្ឋ​មួយចំនួនរស់នៅស្រុកឆែប​ ខេត្តព្រះវិហារ​ នូវតែមានជំនឿថា សម្ភារៈ​ធ្វើ​ពី​ទ្រាំង បាន​លក់ដាច់ ដោយសារតែ​មួយចំនួន គេ​មាន​ជំនឿ​លើ​អប្បិយ​ជំនឿ​។ ក្នុងនេះ ពួកគាត់​មានជំនឿថា ចង្កឹះ​ធ្វើ​ពី​ដើម​ទ្រាំង នាំ​លាភ​សំណាង និង​អាច​បណ្តេញឧបទ្រពចង្រៃផងដែរ​៕

ដោយ​៖សហការី​


ចែករំលែក៖