ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ កម្ពុជាយើងបានទទួលជាបន្តបន្ទាប់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៦ លានដូស រួចមកហើយ

ចែករំលែក៖

ភ្នំពេញ៖ សូមស្វាគមន៍ការមកដល់នូវវ៉ាក់សាំង​ ប្រភេទស៊ីណូហ្វាម ដែលត្រូវបានដឹកជញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីប៉ុន្មានម៉ោងមុននេះ។ នេះជាវ៉ាក់សាំងដែលកម្ពុជា បានធ្វើការបញ្ជាទិញសម្រាប់ចាក់ជូនប្រជាពលរដ្ឋទាំងអស់ ដែលសរុបមកដល់ពេលនេះ យើងបានទទួលជាបន្តបន្ទាប់ចំនួន ៦ លានដូស រួចមកហើយ។ ក្រៅពីការបញ្ជាទិញ កម្ពុជាក៏បានទទួលវ៉ាក់សាំងចំនួន ២លាន ដូសផ្សេងទៀត ដែលជាជំនួយរបស់បណ្តាប្រទេសជាមិត្ត តាមរយៈយន្តការ (COVAX) របស់អង្គការសុខភាពពិភពលោក។ នេះជាការថ្លែងដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា, ទន្ទឹមនឹងការមកដល់ជាបន្តបន្ទាប់នៃវ៉ាក់សាំងទាំងនេះ ដំណើរការចាក់វ៉ាក់សាំងក៏កំពុងប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំផងដែរ ដោយអនុវត្តតាមយុទ្ធសាស្រ្តផ្ការីក ពោលគឺការចាប់ផ្តើមចាក់ស្រោចចេញពីរាជធានីភ្នំពេញ និងក្រុងតាខ្មៅ (ដែលមានអត្រាការឆ្លងខ្ពស់) មុននឹងបន្តទៅខាងក្រៅតាមបណ្តាខេត្តនានា។ សរុបរហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងដល់បងប្អូនប្រមាណជា ២ លាន ៨ សែននាក់ ដែលស្មើនឹង ២៨,៣៦​ % នៃគោលដៅសរុប ១០ លាននាក់ ដែលតាមទិន្នន័យនេះ កម្ពុជានៅតែជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានអត្រាអ្នកទទួលបានការចាក់វ៉ាក់សាំងខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។ សូមបងប្អូនដែលត្រូវមកទទួលវ៉ាក់សាំង អញ្ជើញមកទទួលវាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីរួមគ្នាបង្កើតជាខែលការពារសម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូល។ ការឆាប់ទទួលបានវ៉ាក់សាំង គឺស្មើនឹងការឆាប់ត្រលប់ទៅកាន់ប្រក្រតីភាពកាន់តែប្រសើរ និងចៀសវាងពីគ្រោះមហន្តរាយនៃជំងឺឆ្លងរាតត្បាតធ្ងន់ធ្ងរ។លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងថា, ខ្ញុំសូមឆ្លៀតឱកាសនេះ សម្តែងនូវអំណរគុណជូនចំពោះគណៈកម្មាធិការជាតិចាក់វ៉ាក់សាំង កូវីដ ១៩ អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលកំពុងឈរជើងបន្តចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាទីតាំងនានាក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ក្នុងនាមប្រជាពលរដ្ឋមួយរូប ខ្ញុំក៏សូមសំដែងនូវការដឹងគុណ និងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង៕

ដោយ៖ សិលា


ចែករំលែក៖