ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយ​សារព័ត៌មាន Asia Times ផ្សាយព័ត៌មានថា” ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យក្នុងប្រព័ន្ធទប់ស្កាត់កូវីដ១៩ Stop Covid”​ ក្រសួងប្រៃសណីយ៍ និងក្រសួងសុខាភិបាល ច្រានចោលថា​ ជារឿងប្រឌិត

ចែករំលែក៖

ភ្នំពេញ​៖ បេីយោង​តាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលការផ្សាយប្រឌិតព័ត៌មានថា៖​ ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យក្នុងប្រព័ន្ធទប់ស្កាត់កូវីដ និងបំផ្លើសថា រាជរដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីទាញយកទិន្នន័យ និងតាមដានប្រជាពលរដ្ឋ។

នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល បានបញ្ជាក់ថា​ សូមច្រានចោលទាំងស្រុង នូវការប្រឌិត និងបំផ្លើសព័ត៌មានមិនពិតនេះ ដែលបំពុលសង្គម និងមតិសាធារណៈ ព្រមទាំងញុះញង់ក្នុងគោលបំណងរារាំង ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ជាក់ស្ដែង​ក្នុងន័យនេះ ក្រសួងទាំងពីរ សូមប្រកាសជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖

-ទី១៖ ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ត្រូវបានដាក់ឱ្យប្រើប្រាស់បន្ទាប់ពីមាន «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។ ប្រព័ន្ធនេះ មិនមែនត្រូវបានប្រើប្រាស់តែនៅកម្ពុជានោះទេ គឺមានប្រើប្រាស់នៅក្នុងប្រទេសជាច្រើន ក្នុងតំបន់និងពិភពលោក ក្នុងពេលជំងឺនេះកំពុងរីករាលដាល។

ប្រព័ន្ធ QR Code នេះ កត់ត្រាលេខទូរសព្ទតែមួយគត់ ដោយមិនប្រមូលទិន្នន័យឯកជនផ្ទាល់ខ្លួន ឬគន្លងធ្វើដំណើររបស់អ្នកប្រើប្រាស់នោះទេ។ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code នេះ មានគោលបំណងការពារសុខភាពប្រជាពលរដ្ឋ នៅពេលមានជំងឺរីករាលដាលជាសកល ដូចមានចែងក្នុងមាត្រា៧២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា១២ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) ព្រមទាំងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធ QR Code នេះ ដោយខ្លួនឯង ស្របតាមស្តង់ដារបច្ចេកទេសអន្តរជាតិ។ ជាក់ស្តែង ក្រសួង ស្ថាប័នរដ្ឋ ស្ថានទូត ក្រុមហ៊ុន អង្គការជាតិនិងអន្តរជាតិ និងម្ចាស់ទីតាំងនានា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងបុគ្គលិករបស់ខ្លួន ឱ្យប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួន សុខុមាលភាពសាធារណៈ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។

-ទី២៖ សារព័ត៌មាន Asia Times បានប្រឌិតថា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានជួបជាមួយមន្ត្រីកម្ពុជា ដើម្បីស្នើសុំទិន្នន័យឯកជន របស់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធ QR Code ថ្មីនេះ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល សូមបដិសេធថា រហូតមកដល់ពេលនេះ ក្រសួងទាំងពីរមិនធ្លាប់ជួប ឬទទួលសំណើសុំយកទិន្នន័យក្នុងប្រព័ន្ធ QR Code ពីសំណាក់ឯកអគ្គរដ្ឋទូតចិននោះទេ។ នេះគឺជាការមួលបង្កាច់ ប្រឌិតរឿង និងបំផ្លើសការពិតទាំងស្រុង។

ការផ្សព្វផ្សាយអត្ថបទព័ត៌មានប្រឌិតនេះ មានគោលបំណងប្រែក្លាយការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ឱ្យទៅជាបញ្ហានយោបាយ ដើម្បីតែផលប្រយោជន៍របស់ក្រុមខ្លួន ដោយពុំគិតអំពីអាយុជីវិត និងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មកលើប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា​ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល ប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិតនេះ និងសូមថ្កោលទោសដល់ជនមួយចំនួន ដែលប្រឌិតព័ត៌មានមិនពិត។ ក្រសួងទាំងពីរសូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំចែកចាយព័ត៌មានមិនពិតនេះ និងសូមជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចូលរួមអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដើម្បីកម្ពុជាឆាប់បានបញ្ចប់នូវ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល​ ដូចខាងក្រោម​នេះ​៖

ដោយ​៖សហការី​

 


ចែករំលែក៖