នៅថ្ងៃទី១២ខែមិថុនា(ពេលវេលាក្នុងតំបន់) ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានរងការផាកពិន័យជាប្រាក់ព្រោះតែមិនពាក់ម៉ាស់ការពារកូវីដ-១៩នៅទីសាធារណៈនាទីក្រុងSao Paulo។
នៅថ្ងៃទី១២ខែមិថុនា ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់បានជិះម៉ូតូចូលរួមដង្ហែក្បួនឃោសនា បោះឆ្នោត ហើយប្រធានាធិបតី Bolsonaro បានដឹកនាំក្បួនឃោសនានៅទីក្រុង Sao Paulo។ ក្នុងពេលដង្ហែក្បួននោះ លោក ប្រធានាធិបតីមិនបានពាក់ម៉ាស់ឡើយពេលជួបជាមួយពលរដ្ឋដែលជាការបំពានច្បាប់នៅក្នុងរដ្ឋ Sao Paulo។
មន្ត្រីដែលរងការផាកពិន័យជាប្រាក់មាន ប្រធានាធិបតី កូនប្រុសប្រធានាធិបតីគឺជាតំណាងរាស្ត្រ Eduardo Bolsonaro និងរដ្ឋមន្ត្រី ហេដ្ឋារចនាសម្ព័ន្ធ សំណង់ លោក Tarcisio Gomes។ មន្ត្រីទាំងនោះរងការពិន័យជាទឹកប្រាក់ ១០៨ដុល្លារអាមេរិកក្នុងម្នាក់ៗ ដោយមិនគោរពច្បាប់របស់រដ្ឋក្នុងការទប់ស្កាត់កូវីដ-១៩ ។
ពេលថ្មីៗនេះប្រធានាធិបតី Bolsonaro បានរៀបចំពិធីឃោសនាបោះឆ្នោតជាច្រើននៅទូទាំងប្រទេស ហើយអភិបាលរដ្ឋ Sao Paulo លោក Joao Doria បានបញ្ជាក់ថា ប្រធានាធិបតីក៏ត្រូវពិន័យផងដែរបើមិនគោរពច្បាប់។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ នៅថ្ងៃទី១២ខែមិថុនា ប្រធានាធិបតី Bolsonaro បានថ្កោលទោសការពាក់ម៉ាស់ ដោយលោកបានបញ្ជាក់ថានឹងលុបច្បាប់ពាក់ម៉ាស់ដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ ប្រធានាធិបតីបញ្ជាក់ថា មនុស្សដែលចាក់វ៉ាក់សាំងរួចគឺមិនអាចចម្លងកូវីដ-១៩ នោះឡើយ។
កាលពីថ្ងៃទី២១ខែឧសភា ប្រធានាធិបតី Bolsonaro ក៏ធ្លាប់បានរងការពិន័យដោយមិនគោរពច្បាប់សុវត្ថិភាពសុខាភិបាល នៅក្នុងរដ្ឋ Maranhao ៕ដោយ៖ ធីរីណា
រូបភាព៖DPA
រូបភាព៖ AP