ភ្នំពេញ៖ ពាណិជ្ជករម្នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សម័យ លីនដា កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពាក់ព័ន្ធចេញមូលប្បទានប័តអត់សាច់ប្រាក់ (សែកស្អុយ) ជាង១០ម៉ឺនដុល្លារអាមេរិក។
បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កឹង រ៉ាវីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៣៥ ផ្លូវលំ ភូមិក្រាំងអង្គ្រង សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
របាយការណ៍ដដែល បន្តថា ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមិថុនា តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយលើទឹកប្រាក់ប្រមាណជាង១០ដុល្លារអាមេរិក ឲ្យទៅភាគីដើមបណ្តឹង ។
ប្រភពដដែល បន្ថែមទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ រួចកម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលសំណុំរឿងនេះបានស្ថិតនៅដៃលោកស្រីចៅក្រមស៊ើបសួរ ដោយសម្រេចជននេះដាក់ឲ្យនៅក្រោមការពិនិត្យពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន. ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបរណ៍អាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់។
បន្ទាប់ពី លោកស្រី សម័យ លីនដា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសាកសួររួច ក៏សម្រចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នតែម្តង៕ដោយ៖ សហការី