ព័ត៌មានទាន់ហេតុការណ៍៖

ប៉េរូចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជូនស្ត្រីមានផ្ទៃពោះ

ចែករំលែក៖

នៅថ្ងៃទី១២ ខែមិថុនា ក្រសួងសុខាភិបាលប្រទេសប៉េរូបានប្រកាសកម្មវិធីចាក់វ៉ាក់សាំងជូនស្ត្រីមានផ្ទៃពោះក្នុងពេលដែលប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះកំពុងតែធ្វើសកម្មភាពយ៉ាងខ្លាំងដើម្បីទប់ស្កាត់រលកកូវីដ-១៩ទីពីរវាយប្រហារប្រទេសនេះ ។
មានប្រសាសន៍នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងក្នុងរដ្ឋធានី Lima រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសប៉េរូលោក Oscar Ugarte បានឱ្យដឹងថា ការចាក់វ៉ាក់សាំងជូនស្ត្រីមានផ្ទៃពោះ គឺជាសកម្មភាពការពារយ៉ាងសំខាន់ទាំងម្តាយនិងកូន។ លោកក៏បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះក្នុងរយៈពេលក្រោម ២៨សប្តាហ៍ទៅចាក់វ៉ាក់សាំងកូវីដ -១៩ ។
តាមគម្រោង រដ្ឋាភិបាលរបស់ប្រធានាធិបតី Francisco Saqasti នឹងផ្តល់វ៉ាក់សាំងជូនរដ្ឋាភិបាលថ្មី៥០លានដូសដើម្បីចាក់វ៉ាក់សំាងជូនពលរដ្ឋ ។ គិតមកទល់ពេលនេះប្រទេសតំបន់អាមេរិក មួយនេះមានករណីឆ្លងកូវីដ-១៩ សរុប១,៩៩លាននាក់ និងស្លាប់ ជាង១៨៨ពាន់នាក់។
បច្ចុប្បន្ននៅជុំវិញពិភពលោកមានករណីឆ្លងកូវីដ-១៩សរុបជាង១៧៥លាននាក់ឆ្លងកូវីដ-១៩ និងស្លាប់ជាង ៣,៧លាននាក់។ ក្នុងពេលជាមួយគ្នានោះដែរមានពលរដ្ឋដល់ទៅជាង ២,២៥ពាន់លាននាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្នុងនោះមាន៤៨០លាននាក់ចាក់ដូសទីពីររួចរាល់ ៕ដោយ៖ ធីរីណា

រូបភាព៖AFP/TTXVN


ចែករំលែក៖