ព័ត៌មានទាន់ហេតុការណ៍៖

កសិករចិញ្ចឹមកង្កែបនៅ ក្រុងសិរីសោភ័ណ ត្អូញត្អែរគ្មានទីផ្សារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កសិករនៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ប្រកបរបរចិញ្ចឹមកង្កែបបានត្អូញត្អែព្រោះកង្កែបរបស់ពួកគាត់បានផលហើយដោយឆ្នាំនេះគ្មានទីផ្សារលក់មិនចេញ ដែលធ្វើឲ្យពួកគាត់ព្រួយបារម្ភជាខ្លាំង ទី១ គ្មានប្រាក់បង់អង្គការនិងទី២គ្មានប្រាក់ទិញចំណីឲ្យកង្កែបស៊ី ។នេះបើតាមការលើកឡើងពីកសិករដែលចិញ្ចឹមកង្កែបនៅភូមិខាងលើ។

បងប្រុស ស្រី សុខា ជាកសិករចិញ្ចឹមបង្កែបនៅភូមិខាងលើរៀបរាប់ថា៖គាត់បាន ប្រកបរបរចិញ្ចឹមកង្កែបជាច្រើនឆ្នាំមកហើយ ហើយឆ្នាំនេះបានចិញ្ចឹមកង្កែបចំនួន០៦ស្បៃ ក្នុង១ស្បៃប្រមាណ១,០០០ក្បាលយ៉ាងតិច គាត់ត្រូវចំណាយថវិកាជាច្រើនក្នុងការទិញចំណីឲ្យបង្កែបស៊ី ក្នុងមួយថ្ងៃត្រូវចំណាយប្រាក់អស់៨មុឺនរៀលសំរាប់ទិញចំណីឲ្យកង្កែបស៊ីជារៀងរាល់ថ្ងៃ ។ ដោយសារតែកត្តាលក់មិនចេញគ្មានទីផ្សារធ្វើឲ្យគាត់ជួបការលំបាកគ្មានថវិកានឹងទិញចំណីឲ្យកង្កែបស៊ី ហើយខ្ចីលុយធនាគារយកមកទិញចំណីឲ្យវាស៊ីកាន់តែជួបនូវផលលំបាកបន្ថែមមួយទៀត ។គាត់បន្ថែមថាកាលឆ្នាំទៅមិញគ្រាន់មានទីផ្សារមានម៉ូយមកទិញលក់បានតម្លៃពី៧០,០០០រៀលទៅ៨០,០០០រៀល ក្នុងមួយថ្ងៃមកដល់ឆ្នាំនេះជួបបញ្ហាជម្ងឺកូវីដ-១៩ គ្មានម៉ូយមកទិញទាល់តែសោះ ។    

ចំណែកឯបងប្រុស ពុធ ឈួង កសិករចិញ្ចឹមកង្កែប នៅភូមិភ្នៀត សង្កាត់ភ្នៀតនោះដែរ ក៏បានលើក ឡើងស្រដៀងនិងបងប្រុសស្រី សុខា ផងដែរ គាត់សព្វថ្ងៃចិញ្ចឹមកង្កែបចំនួន១១ស្បៃ ក្នុង០១ស្បៃក៏មិនតិចជាង១,០០០ក្បាលផងដែរ ហើយលក់មិនចេញនៅពេលទទួលផលហើយនោះព្រោះតែគ្មានទីផ្សារ។

ពួកគាត់ក៏បានសំណូមពរដល់អាជ្ញាធរក៏ដូចជាមន្ទីរជំនាញកសិកម្មនិងមន្ទីរពាណិជ្ជកម្មជួយរកទីផ្សារដល់ពួកគាត់បានលក់បង្កែបចេញ ដើម្បីយកលុយបង់ធនាគារនិងបានទិញចំណីឲ្យកង្កែបដែលនៅតូចៗបន្ថែមទៀត ផង។

ចំណែកចៅសង្កាត់ភ្នៀត លោកហួត សាវី បានបញ្ជាក់ថា៖នៅក្នុងទូទាំងសង្កាត់ភ្នៀត នេះ មានកសិករចិញ្ចឹមកង្កែបចំនួន៥៨គ្រួសារ បច្ចុប្បន្នពួកគាត់ជួបបញ្ហាទីផ្សារលក់កង្កែបរបស់ពួកគាត់មិនចេញ ដែលធ្វើឲ្យពួកគាត់ជួបការលំបាកដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនិងដោះស្រាយបំណុលធនាគារ ។ដូច្នេះក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន ក៏សូមសំណូមពរដល់អាជ្ញាធរក្រុង ខេត្ត ក៏ដូចជាមន្ទីរជំនាញនិងមន្ទីរពាក់ព័ន្ធ ជួយរកទីផ្សារកង្កែបដល់កសិករដែលបានខិតខំចិញ្ចឹម លក់ចេញទៅទីផ្សារផងដើម្បីបានថវិកាដោះស្រាយបង់ធនាគារនិងដើម្បីជីវភាពរបស់ពួកគាត់។

ជុំវិញ បញ្ហានេះលោក  ដុំ  វណ្ណឌី  អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត  ទទួកបន្ទុកការិយាល័យ  អភិវឌ្ឍន៍ ពាណិជ្ជកម្ម   បានប្រាប់ តាមទូរស័ព្ទ៖ចំពោះបញ្ហាទីផ្សារកង្កែបដែលកសិករនៅក្នុងសង្កាត់ភ្នៀតជួបប្រទះនេះ  ក្នុងនាមមន្ទីរនឹងខិតខំជួយរកទីផ្សារជូនពួកគាត់  ហើយមួយវិញទៀត បងប្អូនអ្នកចិញ្ចឹមកង្កែបដែលកំពុងជួបប្រទះបញ្ហាទីផ្សារ  មន្ទីរសូមលើកទឹកចិត្តឲ្យពួកគាត់អាចមកលក់ដូរនៅផ្សារសហគមន៍របស់ខេត្តបាន ដោយមិនមានគិតតម្លៃស្តង់នោះទេ  តែត្រូវទាក់ទងមកមន្ទីរជាមុនសិន  តាមរយៈលោក សោម  សុខា  អនុប្រធានការិយាល័យ  អភិវឌ្ឍន៍ ពាណិជ្ជកម្ម នៃ​មន្ទីរពាណិជ្ជកម្មខេត្ត  លេខទូរសព្ទ 017 84 54 84  ក្រុមការងារនិងធ្វើការសម្រួលកន្លែងលក់ដូរជូនបងប្អូនពលរដ្ឋ៕

ដោយ ៖ វណ្ណា


ចែករំលែក៖